(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខរារាំង​មិនឱ្យ​រដ្ឋមន្ត្រីការ​បរទេស​របស់លោក ព្យាយាមស្វែង​រកកិច្ចចរចា​ជាមួយកូរ៉េខាងជើង ស្ដីពីកម្មវិធី​អាវុធនុយក្លេអ៊ែរ ដោយលោកគិតថា វាជាការចំណាយ​ពេលអត់​ប្រយោជន៍។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ​ ទី០២ ខែតុលា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​របស់ លោក ដូណាល់ ត្រាំ ធ្វើឡើងតែ​មួយថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានទទួល​ស្គាល់ថា ទីក្រុង​វ៉ាស៊ីនតោន​កំពុងស្ថិត​ក្នុង​ការទាក់ទង​គ្នាដោយផ្ទាល់​ជាមួយ និងរដ្ឋាភិបាល​ប្រទេស​កូរ៉េខាងជើង ហើយអាមេរិក​ក៏បានសួរ​ទៅកាន់ ទីក្រុងព្យុងយ៉ាង​ផងដែរ​ថា តើ​ពួកគេ​មានបំណង​ចង់ពិភាក្សា​អំពី​ការធ្វើ​តេស្តមីស៊ីលផ្លោង និងអាវុធ​នុយក្លេអ៊ែរ​ដែរ ឬយ៉ាងណា។

តែយ៉ាងណាក៏ដោយ ថ្លែងនៅនៅលើ​បណ្ដាញ Twitter កាលពី​ថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ លោក រិច ធីល្លឺសុន រដ្ឋមន្ត្រីការបរទេស​ដ៏អស្ចារ្យរបស់​យើង ថា គាត់កំពុងចំណាយ​ពេលអត់​ប្រយោជន៍​ហើយ ក្នុងការព្យាយាម​ចរចាជាមួយបុរស​គ្រាប់រ៉ុក្កែត (លោក គីម ជុងអ៊ុន)... រក្សាកម្លាំង​របស់អ្នក រិច យើងនឹងធ្វើអ្វី​ដែលយើងបាន និងកំពុងធ្វើ»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​នោះដែរ បើតាមក្រសួង​ការបរទេស​អាមេរិក កូរ៉េ​ខាង​ជើង បានបង្ហាញតំរុយ​ហាក់ដូចជា​ពុំមានចំណាប់​អារម្មណ៍ ដើម្បីចូលមកអង្គុយតុចរចា និងនិយាយពីការ​បោះ​​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​​របស់​ខ្លួនឡើយ ហើយរបបកុម្មុយ​នីស្ដមួយនេះ ក៏ធ្លាប់អះអាងដែរថា ខ្លួននឹងមិន​បោះបង់​ចោលអាវុធនុយក្លេអ៊ែរ​ជាដាច់ខាត ត្បិតវាជា​វិធានការ​ការពារខ្លួនដ៏​ប្រសើរបំផុត ពីការឈ្លានពាន​របស់​សហរដ្ឋអាមេរិក៕