(កុងហ្គោ)៖ ហេតុការណ៍ធ្លាក់យន្តហោះយោធា នៅក្នុងរដ្ឋធានី Kinshasa សាធារណៈរដ្ឋប្រជាមានិតកុងហ្គោ នៅថ្ងៃសៅរ៍កន្លងទៅនេះ បណ្តាលឱ្យសហសេវិក នៅលើយន្តហោះត្រូវស្លាប់បាត់បង់ជីវិតចំនួន១២នាក់ នេះបើយោងតាមការលើកឡើងរបស់ប្រធានអាកាសយន្តដ្ឋាន ប្រចាំទីក្រុងដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកុងហ្គោ បានថ្លែងឲ្យដឹងថា យោធានិងសហសេវិកទាំងអស់១២នាក់នៅលើយន្តហោះ ត្រូវបានស្លាប់ទាំងអស់។

ភ្នាក់ងារអាកាសចរណ៍ម្នាក់បានថ្លែងថា យន្តហោះនេះជាយន្តហោះប្រភេទ Antonov 12 មានគោលដៅហោះហើរទៅកាន់ទីក្រុង Bukavu។ នៅពេលចាប់ផ្តើមយន្តហោះនេះ មិនអាចហោះហើរដោយរលូនបានឡើយ នៅពេលចាកចេញពីអាកាសយាន្តដ្ឋាន N’djili ព្រមទាំងបានធ្លាក់នៅក្នុងតំបន់ Nsele ដែលនៅក្បែរនោះ។  

លោក George Tabora  ប្រធានអាកាសយាន្តដ្ឋាន N’djili ប្រចាំរដ្ឋធានី Kinshasa បានឱ្យដឹងថា «វាជាយន្តហោះយោធា វាមិនមែនជាយន្តហោះដឹក អ្នកដំណើរនោះទេ រាល់មនុស្សនៅលើយន្តហោះទាំងអស់ សុទ្ធតែត្រូវបាត់បង់ជីវិតអស់ហើយ»

សូមជម្រាបថា ហេតុការណ៍ធ្លាក់យន្តហោះ បានកើតឡើងជាញឹកញាប់ក្នុងសាធារណៈរដ្ឋ កុងហ្គោ ដោយសារកង្វះស្ដង់ដារក្សាសុវត្ថិភាព។ រាល់ក្រុមហ៊ុនដឹកជញ្ជូន របស់កុងហ្គោត្រូវបានហាមឃាត់មិនឱ្យដំណើរការក្នុងសហភាពអឺរ៉ុបឡើយ៕