(ម៉ិចស៊ីកូ)៖ ចំនួនមនុស្សស្លាប់ ក្នុង​ការវាយប្រហារ​ដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នៅតំបន់ភាគកណ្តាល​ប្រទេស​ម៉ិចស៊ីកូ​ បានកើនឡើង​ដល់ ៣០៥នាក់ហើយ ខណៈក្រុមភ្នាក់ងារ​ជួយសង្រ្គោះ​ នៅតែបន្តខិតខំ​ស្វែងរកអ្នកដែលនៅជាប់ក្រោមគំនរ​បាក់បែកនៃ​អគារដួលរលំ។ នេះ​បើតាមការ​ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ​ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរម៉ិចស៊ីកូ មនុស្សជាង​ពាក់កណ្តាល​នៃចំនួនអ្នកបាត់បង់​ជីវិតខាងលើ គឺជាប្រជាជនរស់នៅក្នុងរដ្ឋ​ធានីម៉ិចស៊ីកូ​ស៊ីធី (Mexico City)។ ចំណែកឯ មនុស្សប្រមាណ១១៥នាក់ ត្រូវបានគេ​រកឃើញ និងជួយសង្រ្គោះ​ដោយ​សុវត្ថិ​ភាព​ផងដែរ នៅក្នុងទីក្រុង​ម៉ិចស៊ីកូស៊ីធី។ ក៏ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជួយសង្រ្គោះ ក៏បានអះអាងដែរថាមកទល់ពេលនេះមនុស្ស៣០៥នាក់ ហើយបានស្លាប់ និងជាង២,៦០០នាក់រងរបួស។

គួរបញ្ជាក់ថា គ្រោះរញ្ជួយផែនដីកម្រិត ៧.១រ៉ិចទ័រ ជាមួយចំណុចរំញ័រ​នៅក្នុងរដ្ឋ Puebla ភាគអាគ្នេយ៍ទីក្រុងម៉ិចស៊ីកូស៊ីធី បាន​ធ្វើ​ការ​​វាយ​ប្រហារកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយ ចំគម្រប់ខួបនៃថ្ងៃដែល គ្រោះរញ្ជួយដីដ៏សាហាវកម្រិត ៨.០រ៉ិចទ័រ បាន​ផ្តាច់​យកអាយុ​ជីវិត​​មនុស្សប្រមាណ ៩,៥០០នាក់ នៅម៉ិចស៊ីកូ​កាលពីឆ្នាំ១៩៨៥៕