(សេអ៊ូល)៖ កងកម្លាំងទ័ពអាកាសអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុន B-1B អមដោយយន្ដហោះចម្បាំង F-15C ជាច្រើនគ្រឿង ទៅហោះឆ្វែលពីលើដែនអាកាសអន្តរជាតិ ស្ថិតនៅក្បែរតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើង។ នេះបើតាមមន្ទីបញ្ចកោណដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

ការបញ្ជូនយន្ដហោះចម្បាំងទាំងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថា ទីក្រុងវ៉ាស៊ីនតោននឹងកម្ទេចកូរ៉េខាងជើង ឱ្យកា្លយទៅជាផេះ បើសិនជាទីក្រុងព្យុងយ៉ាងហ៊ានបង្កការគំរាមកំហែង ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ដោយឡែក ថ្លែងនៅក្នុងសេចក្ដីថ្លែង ការណ៍របស់ខ្លួន កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យមន្ទីបញ្ចកោណ លោកស្រី Dana White បានលើកឡើងដូច្នេះថា៖ «នេះគឺជាលើកទីមួយនៅក្នុងស.វទី២១នេះ ដែលយន្ដហោះប្រដេញនិង យន្ដហោះទម្លាក់គ្រាប់បែកអាមេរិកហោះហើរក្បែរប្រទេសកូរ៉េខាងជើង ដើម្បីបង្ហាញពីភាពប្រាកដប្រជា ដែលយើងចង់ប្រឈមមុខនឹងអាកប្បកិរិយា គ្មានការប្រុងប្រយ័ត្ននៃរបបដឹកនាំ ទីក្រុងព្យុងយ៉ាង... ហើយយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់គ្រប់លទ្ធភាពយោធាការពារទឹកដីអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»

គួរបញ្ជាក់ថា បើតាមលោកស្រី Dana White យន្ដហោះទម្លាក់គ្រាប់បែក B-1B ខាងលើ មកពីមូលដ្ឋានទ័ពអាកាសអាមេរិក Andersen នៃកោះ Guam រីឯយន្ដហោះប្រដេញ F-15C មកពីមូលដ្ឋាន Kadena នៃកោះ Okinawa ប្រទេសជប៉ុន។ ម្យ៉ាងវិញទៀត ការបញ្ជូនយន្ដហោះចម្បាំងទាំងនេះ គឺជាសារមួយយ៉ាងច្បាស់បង្ហាញថាសហរដ្ឋអាមេរិក មានជម្រើសយោធា ជាច្រើនក្នុងការទប់ស្កាត់ការគំរាមកំហែងទាំងឡាយ ពីកូរ៉េខាងជើង៕