(ម៉ិចស៊ីកូ)៖ ទីភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្រ្តអាមេរិក បានឲ្យដឹងថា ក្រៅពីគ្រោះរញ្ជួយដីផែនដីកម្រិត៥.៨រ៉ិចទ័រ កាលពីប៉ុន្មាន​ម៉ោង​មុននេះ ហេតុការណ៍រញ្ជួយផែនដីថ្មីមួយផ្សេងទៀត មាន​កម្រិត៦.២រ៉ិចទ័រ បានអង្រួនភាគខាងត្បូងប្រទេសម៉ិចស៊ីកូម្តងទៀត បន្ទាប់​ ពីតំបន់ភាគកណ្តាលទើប​តែ​ទទួល​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ ​ដោយសាររញ្ជួយ​ដី​កម្រិត​៧.‌១​រ៉ិច​ទ័រ​ កាលពីថ្ងៃអង្គារកន្លងទៅ។ នេះ​បើ​តាម​​ការ​​ចេញ​​ផ្សាយ​ដោយ​សារ​ព័ត៌​មាន Russia Today នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ​២០១៧។

គួរបញ្ជាក់ថា មកទល់ថ្ងៃសៅរ៍នេះ គ្រោះរញ្ជួយដីដ៏កក្រើក ដែលបានអង្រួនតំបន់ភាគកណ្តាលម៉ិចស៊ីកូ កាលពីថ្ងៃអង្គារកន្លងទៅ​ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់២៩៥នាក់ហើយ ដោយក្នុងចំណោមនោះ ចំនួនសាកសពជាងពាក់កណ្តាល គឺស្ថិតនៅ​ក្នុង​​​រដ្ឋធានីម៉ិចស៊ីកូស៊ីធី។

ដោយឡែក ជុំវិញហេតុការណ៍រញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ និងកម្រិត៦.២រ៉ិចទ័រថ្មីនេះ ​​ដែលបានកើតឡើងនៅចំភាគអាគ្នេយ៍នៃរដ្ឋ Oaxaca ភាគខាងត្បូង និងអង្រួន​ដល់​រដ្ឋ​ធានី​ម៉ិច​ស៊ី​កូ​ស៊ី​ធី​នោះ ពុំទាន់មាន​សេចក្តី​រាយ​ការណ៍​បញ្ជាក់​ថា មានការបំផ្លិចបំផ្លាញ ឬមនុស្ស​​រង​គ្រោះ​បន្ថែម​ទៀត​ដែរ ឬយ៉ាងណានៅឡើយទេ គ្រាន់តែមានព័ត៌មានថា ពួកវាបានធ្វើឲ្យអគារមួយចំនួនយោលទៅមក និងមនុស្សជាច្រើននាក់ភ័យ​ត្លក់​ស្លុត ហើយរត់ចេញពីក្នុងអគារ មកទីវាលខាងក្រៅ៕