(ញូដេលី)៖ អ្នកដឹកនាំរឿងឥណ្ឌាមួយរូបរបស់ក្រុមហ៊ុន Bolloywood ដ៏ល្បីល្បាញទាំងក្នុង​ និងក្រៅប្រទេសនោះ ត្រូវប៉ូលិសចាប់ខ្លួនហើយ នៅក្នុងករណីចោទប្រកាន់លោកថា បានរំលោភផ្លូវភេទលើតួសំដែងស្រី និងថតរូបអាក្រាតរបស់នាង​។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

អ្នកដឹកនាំរឿងខាងលើនេះ មានឈ្មោះ ការីម ម៉ូរ៉ានី (Karim Morani) ជាផលិកររបស់​ក្រុមហ៊ុនសាខា​របស់ Bollywood ដែលមាន​ឈ្មោះថា Chennai Express movie ត្រូវបានចោទ​ប្រកាន់ថា បានរំលោភតួស្រី​ដែលចូលរួមសម្តែង​ដោយស្ម័គ្រចិត្តជាច្រើនលើក និងធ្លាប់បានថតរូបអាក្រាត​ជាច្រើនរបស់នាងថែមទៀត កាលពីឆ្នាំ២០១៥។

តាមសារព័ត៌មាន​ឥណ្ឌា លោក Karim ត្រូវបានចាប់ខ្លួន កាលពីពាក់​កណ្តាលយប់ថ្ងៃសុក្រ ក្រោយតុលាការ​ចេញដីកា​លុបចោល​ ការធានានៅក្រៅឃុំរបស់​អ្នកដឹកនាំ​ខ្សែភាពយន្តរូបនេះ។
គួរបញ្ជាក់ថា ករណីរំលោភបំពានផ្លូវភេទ​នៅឥណ្ឌា បានក្លាយជាចំណុចក្តៅ​ខ្លាំងទាំងក្នុងស្រុក និងក្រសែភ្នែក​អន្តរជាតិ ចាប់តាំងពី​បានផ្ទុះករណីរំលោភ​បូក​យ៉ាងកំរោល​ ពីសំណាក់ក្រុមជន​ទំនើង ទៅលើនារីពេទ្យ​ម្នាក់កាលពីឆ្នាំ២០១២ ដែលបានបណ្តាលឲ្យនាងបាត់បង់ជីវិត​យ៉ាងខ្លោចផ្សាបំផុត។ ចាប់តាំងពីពេលនោះមក ករណីរំលោភ​ជាច្រើនករណីបានផ្ទុះឡើង និងនាំឲ្យសង្គម​នៃប្រជាជនជាង ១,២០០លាននាក់នេះ មានការរិះគន់​ចំពោះសីលធម៌​សង្គមធ្លាក់ចុះ និងចំណាត់ការ​មិនសូវមានប្រសិទ្ធភាព​របស់​រដ្ឋាភិបាល៕