(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង ចេញផ្សាយនៅមុននេះបន្តិចថា ទីភ្នាក់ងារភូមិសាស្ត្រចិន​បានចាប់បានរលកសញ្ញារញ្ជួយដីកម្រិត ៣.៤រ៉ិចទ័រ កើតមានឡើងនៅក្នុងប្រទេស​កូរ៉េខាងជើង ដែលនាំឲ្យគេសង្ស័យថា កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន ឬក៏នុយក្លេអ៊ែរ​ជាមិនខាន។ នេះបើតាម​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយ​នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

ប្រសិនបើករណីខាងលើនេះ ពិតជាការធ្វើតេស្តបំផ្ទុះគ្រាប់បែកមែននោះ វាប្រាកដណាស់ថា បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីតំណាងកូរ៉េខាងជើងនៅ UN បានព្រមានថា ទីក្រុងព្យុងយ៉ាងនឹងបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន តទល់នឹងទណ្ឌកម្មរបស់អន្តរជាតិបន្ថែមមក​លើប្រទេសនេះ ដែលធ្វើឡើងតាមការទាមទាររបស់អាមេរិក ហើយវាក៏បានកើតឡើងនៅ​ថ្ងៃ​តែមួយផងដែរ បន្ទាប់ពីប្រទេសចិន​បានប្រកាសដាក់កំហិត​ លើការនាំចេញប្រេង​ទៅកូរ៉េខាងជើង និងហាមឃាត់​ទំនិញសំខាន់ៗ​មួយចំនួន ពីកូរ៉េខាងជើង​ចូលមកប្រទេសចិន។

គួរបញ្ជាក់ថា រញ្ជួយដីនៅ​កូរ៉េខាងជើង ដែលត្រូវបានប្រទេសចិន​ចាប់សញ្ញាបាននេះ មានកម្រិត ៣.៤រ៉ិចទ័រ និងញ័រចេញពី​ជម្រៅដី ០គីឡូម៉ែត្រ កើតឡើងកាលពីវេលាម៉ោង ១៦៖២៩នាទី ម៉ោងនៅទីក្រុងប៉េកាំង ប៉ុន្តែទីភ្នាក់ងារ​ឧតុនិយម​កូរ៉េខាងត្បូង​បានបញ្ជាក់ថា ការរញ្ជួយដី​ខាងលើនេះ​នៅកូរ៉េខាងជើង អាចជាគ្រោះធម្មជាតិ​ច្រើនជាង៕