(ប៉េកាំង)៖ ចិនកំពុងចាប់ផ្តើមដាក់កំហិត​ទៅលើការនាំចេញប្រេង ទៅកាន់ប្រទេស​កូរ៉េខាងជើង និងផ្អាកការនាំចូល​វាយ​​ន​ភណ្ឌ​ពី​​​រដ្ឋ​កុម្មុយនិស្ត​មួយនេះ ដោយអនុឡោម​តាមដំណោះស្រាយ​ទណ្ឌកម្ម ដែលទើបតែបានដាក់​ចេញដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ UN។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍​ឲ្យដឹងថា ខ្លួននឹងអនុវត្តន៍​តាមដំណោះស្រាយលេខ 2375 របស់ UNSC ដោយ​បញ្ឈប់ការនាំចេញ​ឧស្ម័នធម្មជាតិ​ប៉ុន្មានប្រភេទ ទៅកាន់កូរ៉េខាងជើង គិតចាប់ពី​ថ្ងៃសៅរ៍នេះ​តទៅ​ភ្លាមៗតែម្តង ហើយដាក់កំហិត​​ទៅលើការនាំ​ចេញផលិតផលប្រេង​ដែលចម្រាញ់រួច ចាប់ពីថ្ងៃទី០១ ខែតុលាខាងមុខ។ ព្រមជាមួយ​គ្នា​បំរាមហាមឃាត់​ចំពោះ​ការ​នាំ​ចូល​​វាយនភណ្ឌ ពីប្រទេស​កូរ៉េខាងជើង ក៏នឹងត្រូវចូល​ជាធរមាន ចាប់ពីថ្ងៃសៅរ៍នេះ​ទៅផងដែរ។

គួរបញ្ជាក់ថា វាយនភណ្ឌគឺជា​ប្រភពប្រាក់ចំណូល​បរទេស ដ៏សំខាន់និងចុង​ក្រោយមួយ របស់កូរ៉េខាងជើង ក្រោយពីទីក្រុងព្យុង​យ៉ាង​បានទទួលរងទណ្ឌកម្ម ជាបន្តបន្ទាប់ពី UN ហើយនៅក្រោមទណ្ឌកម្មទាំងនោះ ទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​របស់កូរ៉េខាងជើង បានកាត់ផ្តាច់ការទិញ​យកធ្យូងថ្ម, ដែក, រ៉ែ, គ្រឿងសមុទ្រ, និងទំនិញផ្សេងៗ​ទៀតជាដើម។

គួរជម្រាបបន្ថែមថា ចិនទទួលបន្ទុកប្រមាណ ៩០ភាគរយ នៃវិស័យពាណិជ្ជ​របស់កូរ៉េខាងជើង ដែលជាហេតុនាំឲ្យ​កិច្ចសហប្រតិបត្តិ​ របស់មហាយក្ស​នៅអាស៊ីមួយនេះ មានសារៈសំខាន់​ជាខ្លាំង នៅក្នុងកិច្ចប្រឹងប្រែង​ទាំងឡាយ ដើម្បីរារាំង​ការអភិវឌ្ឍ​អាវុធនុយក្លេ​អ៊ែរ និងមីស៊ីលផ្លោង​រយៈចម្ងាយឆ្ងាយ របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង៕