(យូអិន)៖ សមាជិកចំនួន ០៧ នៃក្រុមប្រឹក្សា​សន្តិសុខ UN រួមមានទាំង​សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ បានស្នើដល់​អគ្គលេខា​​ធិការ​ នៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរែស (Antonio Guterres) ឲ្យធ្វើការណែនាំ​ជាសាធារណៈ ដល់ក្រុមប្រឹក្សា សន្តិសុខ ឬ UNSC ដែល​មានសមាជិកចំនួន ១៥ប្រទេសនេះ នាសប្តាហ៍​ក្រោយ ពាក់ព័ន្ធនឹង​អំពើហិង្សា​នៅក្នុងប្រទេស​មីយ៉ាន់ម៉ា ដែលពួកគេ​បានចាត់​ទុកថា គឺជាអំពើហិង្សាបង្កប់ចេតនា កម្ចាត់ជនជាតិដើម​ភាគតិច។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃ​សៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

ស៊ុយអែត សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អេហ្ស៊ីប សេណេហ្គាល់ និងកាហ្សាក់ស្ថាន មានបំណងចង់ឲ្យអេត្យូពី ដែលជា​ប្រធានរបស់ក្រុមប្រឹក្សា UNSC សម្រាប់ខែកញ្ញានេះ រៀបចំការថ្លែងសារណែនាំជាសាធារណៈខាងលើ នៅសប្តាហ៍ក្រោយ។ ជុំវិញ​រឿងនេះ អនុប្រធានាធិបតីអាមេរិក លោក មៃ ភែន (Mike Pence) បានឲ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឲ្យ UNSC ចាត់​វិធានការសកម្មភាពដែលខ្លាំងនិងរហ័ស ដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា។

ម៉្យាងវិញទៀត ក្រុមប្រឹក្សា​សន្តិសុខ UN បានជួបគ្នា​ដោយមិនបើក​ចំហចំនួន ០២លើក រួចមកហើយ ចាប់តាំងតែ​ពីវិបត្តិជន​ដើមមូស្លីម​រ៉ូហ៊ីងយ៉ា​ចាប់ផ្តើម ហើយកាលពី​សប្តាហ៍កន្លងទៅ UNSC ក៏បានចេញ​សេចក្តីថ្លែងការណ៍​មិនផ្លូវការមួយ ថ្កោលទោស​ស្ថានការណ៍​​ដ៏យ៉ាប់យឺននេះ និងទទូចឲ្យអាជ្ញាធរ​មីយ៉ាន់ម៉ាបញ្ឈប់​អំពើហិង្សា​ជាបន្ទាន់ផងដែរ។

គួរបញ្ជាក់ថា មកទល់​ពេលនេះ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​ច្រើនជាង ៤២២,០០០នាក់ បានភៀសខ្លួនចេញ​ពីមីយ៉ាន់ម៉ា ទៅកាន់​បង់​ក្លា​ដែស គិតចាប់តាំងពី​ថ្ងៃទី២៥ ខែសីហាមក នៅពេលដែលការ​លួចវាយប្រហារ​ដោយ ក្រុមសកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា បានបង្កឲ្យមាន​ប្រតិបត្តិការយោធា​វាយបក​សងសឹក ពីសំណាក់រដ្ឋាភិបាល​មីយ៉ាន់ម៉ា៕