(ម៉ិចស៊ីកូ)៖ ចំនួនមនុស្សស្លាប់ ក្នុង​ការវាយប្រហារ​ដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ នាសប្តាហ៍នេះ នៅតំបន់ភាគកណ្តាល​ប្រទេស​ម៉ិចស៊ីកូ​ បានកើនឡើង​ដល់ ២៩៥នាក់ហើយ ខណៈក្រុមភ្នាក់ងារ​ជួយសង្រ្គោះ​នៅតែបន្តខិតខំ​ស្វែងរកអ្នក ដែលនៅជាប់ក្រោមគំនរ​បាក់បែកនៃ​អគារដួលរលំ ហើយអាច​នៅរស់រានមានជីវិត ទោះបីជាវា​បានកន្លងផុត​ទៅអស់រយៈពេល ០៤ថ្ងៃ​ហើយក៏​ដោយក្តី។ នេះ​បើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន NBC News នៅព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

អាជ្ញាធរម៉ិចស៊ីកូ​បានឲ្យដឹងថា មនុស្សជាង​ពាក់កណ្តាល​នៃចំនួនអ្នកបាត់បង់​ជីវិតខាងលើ ពោលគឺ ១៥៧នាក់ បានស្លាប់​នៅក្នុងរដ្ឋ​ធានីម៉ិចស៊ីកូ​ស៊ីធី (Mexico City) ។ ទន្ទឹមនឹងគ្នា​នេះដែរ មនុស្សប្រមាណ ១១៥នាក់ ក៏ត្រូវបានគេ​រកឃើញ និងជួយសង្រ្គោះ​ដោយ​សុវត្ថិ​ភាព​ផងដែរ នៅក្នុងទីក្រុង​ម៉ិចស៊ីកូស៊ីធី។ ដោយឡែកក្រៅពី​រដ្ឋធានី នៃប្រទេស​ម៉ិចស៊ីកូ មនុស្សចំនួន ៧៣នាក់ បាន​បាត់បង់​ជីវិត​នៅរដ្ឋម៉ូរេឡូស (Morelos), ៤៥នាក់ នៅរដ្ឋភឺប្លា (Puebla), ១៣នាក់ នៅរដ្ឋ​ម៉ិចស៊ីកូ (Mexico State), ០៦នាក់ នៅរដ្ឋហ្គឺរេរ៉ូ (Guerrero), និងម្នាក់នៅរដ្ឋអូសាខា (Oaxaca)។

គួរបញ្ជាក់ថា គ្រោះរញ្ជួយផែនដីកម្រិត ៧.១រ៉ិចទ័រ ជាមួយចំណុចរំញ័រ​នៅក្នុងរដ្ឋ Puebla ភាគអាគ្នេយ៍ទីក្រុងម៉ិចស៊ីកូស៊ីធី បាន​ធ្វើ​ការ​​វាយ​ប្រហារកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយចំគម្រប់ខួបនៃថ្ងៃដែល គ្រោះរញ្ជួយដីដ៏សាហាវកម្រិត ៨.០រ៉ិចទ័រ បាន​ផ្តាច់​យកអាយុ​ជីវិត​​មនុស្សប្រមាណ ៩,៥០០នាក់ នៅម៉ិចស៊ីកូ​កាលពីឆ្នាំ១៩៨៥៕