(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថាជាបុរសឡប់សតិ ដែល​មិន​​ខ្វល់ពីការស្លាប់​-​រស់​ឬអត់ឃ្លាននៃប្រជាជនរបស់ខ្លួនឡើយ ហើយលោក ត្រាំ បានប្រកាសជាចំហថា មេដឹកនាំកំពូលកូរ៉េខាងជើងដ៏រឹងទទឹងរូបនេះ នឹង​ត្រូវឆ្លងកាត់ការធ្វើតេស្តិ៍សាកល្បង ដែលពុំធ្លាប់ជួបប្រទះពីមុនមកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន​ Independent នៅយប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

​សម្តីធ្ងន់ៗខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតាមរយៈប្រព័ន្ធបណ្តាញសង្គម Twitter ក្រោយពីកូរ៉េខាងជើង បានឲ្យសញ្ញា​ក៏ដូចជាព្រមានថា នឹងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ-អ៊ីដ្រូសែនជាថ្មីម្តងទៀត នៅលើមហាសាគរប៉ាស៊ីហ្វិកតែម្តង ឆ្លើយតបចំពោះ​ការ​ថ្លែងសុន្ទរកថាដ៏ក្តៅគគុកគំរាមកម្ទេចកូរ៉េខាងជើង នៅលើវេទិកាមហាសន្និបាតនៃអង្គការសហប្រជាតិ កាលពីប៉ុន្មានថ្ងៃមុននេះ ដែល​បាន​បង្ក​ឲ្យ​ភាព​តាន​តឹងរវាងគូបដិបក្ខទាំងពីរឆេះឡើងកាន់តែខ្លាំង។

គួរបញ្ជាក់ថា អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ មេដឹកនាំនៃប្រទេសទាំងពីរ បានផ្លែផ្កាពាក្យសម្តីគំរាមដាក់គ្នាទៅវិញទៅមក ដោយ​មិនសំចៃនោះឡើយ ខណៈអន្តរជាតិជាពិសេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធិបំផុត របស់កូរ៉េខាងជើង ឲ្យអំពាវនាវដល់​ភាគី​​ទាំង​សងខាងឲ្យមានការអត់ធ្មត់៕