(ដាម៉ាស់)៖ គ្រាប់រ៉ុក្កែតពីរ​គ្រាប់ បានធ្លាក់​ក្បែរអាកាសយានដ្ឋាន​ទីក្រុងដាម៉ាស់ (Damascus) ប្រទេសស៊ីរី កាលពីយប់​ថ្ងៃព្រហស្បតិ៍​ឈានចូល​ថ្ងៃសុក្រនេះ ខណៈកងកម្លាំងស៊ីរី​អះអាងថា វាជាស្នាដៃរបស់យោធា​អ៊ីស្រាអែល ដែលលើកឡើងថា បានបាញ់ទម្លាក់យន្ដហោះគ្មាន​មនុស្សបើកមួយគ្រឿង​របស់អ៊ីស្រាអែល​ ជាការ​ឆ្លើយតប។ នេះបើតាម​សារព័ត៌មាន Sputnik​ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ សារព័ត៌មាន Al-Masdarnews ក៏បានរាយការណ៍​ដែរថា ការវាយប្រហារនេះ បានបង្កជា​សំឡេងផ្ទុះយ៉ាងខ្លាំង តែមិនបានបណ្ដាល​ឱ្យមានការខូចខាត​ធ្ងន់ធ្ងរនោះទេ ហើយ ព្រមពេលជា​មួយគ្នា​កងកម្លាំងស៊ីរី បានបាញ់ទម្លាក់​យន្ដហោះគ្មាន​មនុស្សបើក ឬដ្រូន UAV មួយគ្រឿងរបស់អ៊ីស្រាអែល នៅតាមបណ្ដោយ​ព្រំដែនរវាងទីក្រុង​ដាម៉ាស់ និង ខេត្ត​គូណៃត្រា (Quneitra)។ ក៏ប៉ុន្តែ​យោធាអ៊ីស្រាអែល មិនទាន់បានធ្វើ​ការអត្ថាធិប្បាយ​ណាមួយនៅ​ឡើយទេ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ០៥ឆ្នាំ ចុងក្រោយនេះ អ៊ីស្រាអែល​ត្រូវបាន​គេរាយការណ៍​ថា បានបើកការវាយប្រហារ​តាមផ្លូវអាកាស ​លើក្បួនរថយន្ដ​របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុម ឧទ្ទាម​ហេសប៊ូលឡា​ជិត ១០០ដង។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​៕