(ញូយ៉ក)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមសន្តិសុខឯកជន​របស់ប្រធានាធិបតី​តួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) និងអ្នកគាំទ្រមួយ​ចំនួនរបស់លោកបានវាយដំបាតុករ​ ដែលបានបង្កការរំខានមួយ​ក្នុងអំឡុងពេល​ជួបជុំគ្នានៅទីក្រុងញូយ៉ក ខណៈពេល​ដែល លោក Erdogan កំពុងថ្លែង​សុន្ទរកថា។ ក្រុមអ្នកតវ៉ាខ្លះ​បានបិទបដា​ដែលរៀបចំ​ដោយគណៈកម្មាធិការ​ដឹកនាំ របស់ជនជាតិតួកគីដែលនៅ​អាមេរិច (TASC) នៅឯ​សណ្ឋាគារ ម៉ារីយ៉ូត ម៉ាឃ្វីស (Marriott Marquis) នៅ​ញូយ៉ក ខណៈពេលដែល​លោកប្រធានាធិបតី Erdogan កំពុងនិយាយ​ទៅកាន់ក្រុមមនុស្សម្នាយ៉ាងកកកុញ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន តួកគី Minute នាល្ងាចថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ការរំខាននោះ បានផ្ទុះឡើងនៅ​សាលប្រជុំ ដោយក្រុមអ្នកតវ៉ាបន្ទាប់មក​ក៏បានឈប់វិញ​ ដោយសន្តិសុខ​របស់លោក Erdogan ចូលអន្តរាគមន៍។ មានខ្សែវីដេអូមួយ​ដែលបញ្ចេញដោយសារព័ត៌មានអាមេរិក បានអោយឃើញថា កងសន្តិសុខ និងក្រុមអ្នកគាំទ្រ លោក Erdogan បានវាយដំបាតុករ​ ហើយក្រោយមកពួកគេបាននាំបាតុករ​ចេញពីកន្លែងនោះ។

បន្ទាប់ពីស្ថានការណ៍ស្ងប់ស្ងាត់វិញ លោក Erdogan បាននិយាយទៅ​ក្រុមអ្នកគាំទ្រថា «ពួកយើងមិនគួរឲ្យការជួបជំគ្នានេះ​ ទៅពួកភេវរករទេ»។ លោក Erdogan បានបង្ហាញខ្លួននៅឯកិច្ចប្រជុំ TASC ដើម្បីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយ ក្នុងការបើកសាខាអង្គការសង្គម​អឌ្ឍច័ន្ទបៃតងមួយ។
រំលឹកកាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ ២០១៧ កងសន្តិសុខ​របស់ លោក Erdogan ត្រូវបានគេថតជាប់​ក្នុងវីដេអូឃ្លីប ដែលបានឃើញមានសកម្មភាពវាយដំក្រុមបាតុករ នៅខាងក្រៅទីធ្លារបស់ស្ថានទូតរុស្ស៊ី នៅវ៉ាស៊ីនតោន​ឌីស៊ី ក្នុងអំឡុង​ដំណើរទស្សនកិច្ចផ្លូវការ​មួយមកកាន់​សហរដ្ឋអាមេរិក។ អង្គរក្សចំនួន​ ១៥នាក់ ត្រូវបានចោទប្រកាន់ ហើយត្រូវបានអាជ្ញាធរ​អាមេរិកចង់ឱ្យធ្វើការ​ជំនុំជម្រះ។

នៅក្នុងឆ្នាំ​២០១៦ អ្នកគាំទ្រ និងសមាជិក​នៃសន្តិសុខរបស់​ លោក Erdogan បានប៉ះទង្គិច​យ៉ាងហិង្សា​ជាមួយក្រុមអ្នកតវ៉ា និងសមាជិក​នៃសារព័ត៌មាននៅ​ឯវិទ្យាស្ថាន Brookings នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។
ហើយក្នុងឆ្នាំ ២០១១ មន្ដ្រីសន្តិសុខ​ដែលអមជា​មួយ លោក Erdogan បានប៉ះទង្គិចជាមួយបុគ្គលិក​សន្តិសុខរបស់​អង្គការសហប្រជាជាតិ នៅពេលដែលលោកប្រធានាធិបតី បានព្យាយាមចូលសាលប្រជុំ​ដើម្បីស្តាប់ប្រធានាធិបតី​ប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) និយាយ៕