(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណុ (Taro Kono)​ បានជំរុញឱ្យ​សហគមន៍អន្តរជាតិ​ បង្កើនការដាក់សម្ពាធមិនធា្លប់មាន ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ឆ្លើយតបទៅនឹងការរឹងទទឹង ក្នុងការអភិវឌ្ឍ​កម្មវិធីមីស៊ីល​ផ្លោង និងអាវុធ​នុយក្លេអ៊ែរ ដោយគ្មាន​កោតក្រែងទណ្ឌកម្ម​ពីអន្តរជាតិ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោក តារ៉ូ កូណុ ធ្វើឡើងនៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពី​ថ្ងៃព្រហស្បតិ៍ នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅចំពោះ​មុខ លោក វ៉ាង លោក កូណុ បានលើកឡើង​យ៉ាងដូច្នេះថា «នៅ​ខណៈពេល​នេះ សហគមន៍អន្តរជាតិ​ត្រូវតែរួបរួម​គ្នា និងអនុវត្តទណ្ឌកម្មមិនធ្លាប់​មានពីមុនមក ប្រឆាំងនឹង​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង»។ តែទោះ​ជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រី​ការបរទេសចិន ក៏បានបញ្ជាក់​ដែរថា ការដាក់សម្ពាធ និងកិច្ចសន្ទនា ចាំបាច់ណាស់​ត្រូវធ្វើឡើង​ព្រមគ្នា ដើម្បីដោះស្រាយ​ជម្លោះនៅលើ​ឧទ្វីបកូរ៉េ ខណៈ ទីក្រុងប៉េកាំង​បាន និងកំពុងអនុវត្តយ៉ាងពេញលេញ​ នូវកាតព្វកិច្ចជាអន្តរជាតិ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានជប៉ុន  NHK រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បានឯកភាពគ្នា​ថា ការលុបំបាត់អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ គឺជាគោល​បំណង​រួមរវាងចិន និងជប៉ុន ហើយ​ប្រទេសទាំងពីរ​នឹងបន្តផា្លស់ប្ដូរ​យោបល់គ្នា​ទៅវិញទៅមក ជុំវិញស្ថានភាព​បច្ចុប្បន្ន។ បន្ថែមពីលើនេះ លោក តារ៉ូ កូណុ បាននិយាយថា លោកទន្ទឹមរង់ចាំ លោក វ៉ាង យី បំពេញទស្សនកិច្ច​មក កាន់ទីក្រុងតូក្យូ ព្រមទាំងស្នើ​ឱ្យលោក វ៉ាង ចូលរួមសហការណ៍​ក្នុងការរៀបចំជំនួប​ត្រីភាគីរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង នៅចុងឆ្នាំ២០១៧នេះ ក្នុងប្រទេសជប៉ុន រីឯលោក វ៉ាង ត្រូវបាន គេរាយការណ៍ថា បានទទួល​យកសំណើនេះផងដែរ៕  ​​