(ហ្សាការតា)៖ ប្រជាជនឥណ្ឌូណេស៊ី​រាប់ពាន់នាក់ ត្រូវបានអាជ្ញាធរ​ជម្លៀសខ្លួន​ជាបន្ទាន់ ចេញពីភូមិនានា ដែលស្ថិតនៅក្បែរ​ភ្នំភ្លើង​មួយកន្លែង លើកោះបាលី (Bali) ខណៈកើតមាន​បាតុភូតរំញ័រនៅតាម​តំបន់មួយចំនួន ហើយមានផ្សែង​ហុយឡើង នៅលើផ្ទៃមេឃ​នៃទីតាំងទេសចរណ៍​ដ៏ល្បីល្បាញ របស់ពិភពលោក​មួយនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

កម្រិតប្រកាសអាសន្ន​សម្រាប់ភ្នំភ្លើងឈ្មោះថា អាហ្គុង (Agung) នៅភាគខាងកើតកោះ Bali បានឡើងដល់ក្បែរកម្រិត​ខ្ពស់បំផុត ហើយ​អា​ជ្ញា​ធរ​ក៏បាន​បង្គាប់ ក៏ដូចជាណែនាំ ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងប្រជាជន​រស់នៅតំបន់នោះ​ផ្ទាល់ ចៀសវាង​ការបោះជំរុំ ឬ​ក៏ធ្វើដំណើរ​ឡើងភ្នំ​នៅក្នុងរយៈចម្ងាយ ០៦គីឡូម៉ែត្រ នៃតំបន់ជុំវិញភ្នំភ្លើងនេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះ​មហន្តរាយជាតិ​បានឲ្យដឹងថា «សកម្មភាពពាក់ព័ន្ធ​ភ្នំភ្លើង កំពុងបន្តស្ថិតក្នុង​កម្រិតខ្ពស់ដដែល ហើយថែម​ទាំង​មានសញ្ញាបង្ហាញ​ថា ចលនាសារធាតុ​ម៉ាក់ម៉ា (Magma) កំពុងតែច្រាល​ឡើងមកផ្ទៃដី​ទៀតផង ដែលវាបណ្តាល​ឲ្យកើតមានជា​រំញ័រនៅតាមតំបន់​មួយចំនួន។ ដូច្នេះហើយ មិនគួរមានសកម្មភាព​សាធារណៈអ្វីទាំងអស់ នៅក្នុងរយៈចម្ងាយ​ដែលបានកំណត់ ដើម្បី​បង្ការក្នុងករណីដែល​ភ្នំភ្លើងផ្ទុះឡើង»

យ៉ាងណាមិញ ស្របពេលដែល​មនុស្សជិត ៦,០០០នាក់ ត្រូវបានជម្លៀសខ្លួនគិតត្រឹម​វេលានេះ មនុស្សមួយ​ចំនួនទៀត បានប្រមូល​ផ្តុំ​​ទស្សនា​ភ្នំភ្លើងនេះ ដែលមានដុំពពក​ផ្សែងហុយចេញពីកំពូល​របស់វា ស្ថិតក្នុងកម្ពស់​ប្រហែល ៣,០០០ម៉ែត្រ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី​មានភ្នំភ្លើងសកម្មជិត ១៣០កន្លែង ដែលវាច្រើនជាងប្រទេសណាៗ​ទាំងអស់ នៅលើពិភពលោក​យើងនេះ ហើយកាលពីចន្លោះឆ្នាំ១៩៦៣ និង១៩៦៤ សកម្មភាពបន្ទុះ​ភ្នំភ្លើង Agung បានសម្លាប់ជីវិតមនុស្ស​ច្រើនជាង ១,០០០នាក់ នៅទី​នេះ​ និងបានបណ្តាល​ឲ្យរបួសរាប់រយនាក់​ផ្សេងទៀត៕