(ម៉ិចស៊ីកូ)៖ នៅមុននេះបន្តិច ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្តអាមេរិក USGS បានរាយការណ៍​ឲ្យដឹងថា គ្រោះរញ្ជួយដីមាន​កម្រិត​ ៥.៥​រ៉ិច​ទ័រ ថ្មីមួយផ្សេង​ទៀត បាន​វាយប្រហារ​សមុទ្រភាគ​លិចប្រទេស​ម៉ិចស៊ីកូ ពោលគឺស្ថិតនៅ​ប្រមាណ ១០៧គីឡូម៉ែត្រ ភាគ​និរតី​​នៃ​​ទីក្រុងអ៊ែលដូរ៉ាដូ (El Dorado) ចុងភាគខាង​ត្បូង​​ឈូង​សមុទ្រ​កាលី​ហ្វរ​ញ៉ា ខណៈភ្លាមៗ​បែបនេះ​ពុំទាន់មាន​ដំណឹងថា វាបានបង្ក​ឲ្យមានការ​​បំផ្លិចបំផ្លាញ ឬក៏មនុស្សរងគ្រោះ​នៅឡើយទេ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា នាសប្តាហ៍​ដដែលនេះ គឺកាលពីបីថ្ងៃមុន តំបន់ភាគកណ្តាលម៉ិចស៊ីកូ ទើបតែបានទទួល​រងគ្រោះ ដោយសារការវាយប្រហារ​យ៉ាងកក្រើក​ពីសំណាក់​គ្រោះ​រញ្ជួយដីដ៏សាហាវ​មួយទៀតកម្រិត ៧.១រ៉ិចទ័រ ដែលជាលទ្ធផល​បានផ្តាច់យកជីវិត​មនុស្សកើនដល់ជិត ៣០០នាក់ មក​ទល់​រសៀល​ថ្ងៃសុក្រនេះ និងបង្កឲ្យអគារ​រាប់សិបខ្នង​ដួលរលំខ្ទេចខ្ទីរ រួមទាំងអ្នករបួស​រាប់ពាន់នាក់​ផ្សេងទៀត៕