(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជា​ឱ្យមានការដាក់ទណ្ឌកម្ម​ថ្មីមួយ ដែលនឹងបើកទ្វារ​ចំហឲ្យមានការដាក់បញ្ចូលបុគ្គល និងអង្គភាពទាំងឡាយណា​ ដែលរកស៊ី​ជាមួយកូរ៉េខាងជើង ទៅក្នុងបញ្ជីខ្មៅ​របស់ទីក្រុង​វ៉ាស៊ីនតោន​តែម្តង។ ប៉ុន្តែ​ទន្ទឹមគា្ននេះ លោក ត្រាំ ក៏បានសរសើរ​ទីក្រុងប៉េកាំង​ផងដែរ សម្រាប់ការដាក់កំហិត​ផ្នែកហិរញ្ញវត្ថុជាមួយ​កូរ៉េខាងជើង ដែលវាជាចំណាត់ការដ៏វិជ្ជមានមួយ ធ្វើឲ្យអាមេរិកពេញចិត្ត។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Straitstimes​ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ទណ្ឌកម្មថ្មីប្រឆាំង​កូរ៉េខាងជើង​របស់ប្រធានាធិបតីអាមេរិក លោក ត្រាំ ដែលមានគោលដៅលើវិស័យដឹក​ជញ្ជូនតាមនាវា និងបណ្ដាញ​ធ្វើពាណិជ្ជកម្ម គឺបានបង្ហាញថា ប្រធានាធិបតី​អាមេរិករូ​បនេះ ចង់សាកល្បង​ផ្ដល់ ពេលវេលា​បន្ថែមទៀត​ ក្នុងការដាក់សម្ពាធ​កាន់តែខ្លាំងលើ​ទីក្រុងព្យុងយ៉ាង បន្ទាប់ពីលោក​បានគំរាមប្រើប្រាស់​កម្លាំងយោធា កាលពីថ្ងៃអង្គារ នៅអំឡុងពេល​ថ្លែងសុន្ទរកថា​ជាលើកដំបូង ទៅកាន់មហាសន្និបាត​អង្គការសហប្រជាជាតិ។

ទោះបីយ៉ាងនេះក្តី លោក ត្រាំ មិនបានលើកឡើងពីការដាក់ទណ្ឌកម្ម​ លើវិស័យប្រេង​កូរ៉េខាងជើងនោះ​ឡើយ ខណៈសេតវិមាន​បានអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍​កាលពីថ្ងៃព្រហស្បតិ៍ថា វិស័យថាមពល​កូរ៉េខាងជើង រ៉ែ វេជ្ជសាស្ត្រ វាយណភ័ណ្ឌ និងឧស្សាហកម្ម​ដឹកជញ្ជូន នឹងក្លាយជាគោលដៅ​នៃទណ្ឌកម្ម របស់ក្រសួងរតនាគារ​ជាតិ​អាមេរិក។

គួរបញ្ជាក់ថា នៅចំពោះមុខ​មហាសន្និបាត​នៃអង្គការសហប្រជាជាតិ នៅឯទីស្នាក់ការកណ្តាល UN នាបុរីញូយ៉កកាលពីថ្ងៃអង្គារ លោក ដូណាល់​ ត្រាំ បានព្រមាន​​កម្ទេចកូរ៉េខាងជើង​​ដែល មានប្រជាជន ២៦លាននាក់ ឱ្យក្លាយ​ជាផេះ ដើម្បីការពារសន្តិភាព និងសន្តិសុខក្នុង​តំបន់ នៅក្នុងករណីទីក្រុងព្យុងយ៉ាង ហ៊ានគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិក។ ប៉ុន្តែ​នេះមិនមែនជាលើកទីមួយឡើយ ដែលលោក ត្រាំ ព្រមានបែបនេះ រីឯមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានសន្យាដែរថា នឹងធ្វើឲ្យលោក ត្រាំ សងមកវិញនូវតម្លៃតបស្នងមួយ​យ៉ាងសាក សម្រាប់សន្ទរកថា​របស់លោកនៅ ​អ.ស.ប៕