(បាងកក)៖ ព្រះបរមរាជវាំងថៃ (Grand Palace) នៅក្នុងទីក្រុងបាងកក នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន​នៅខែតុលាខាងមុខនេះ ដើម្បីត្រៀមប្រារព្ធពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត មួយឆ្នាំក្រោយព្រះអង្គសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមសេចក្តី​ថ្លែងការណ៍របស់ ការិយាល័យទទួលបន្ទុក​កិច្ចរាជវង្ស ដែលបានចេញកាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ព្រះរាជវាំងធំ ឬ Grand Palace ព្រមជាមួយនិងប្រាសាទធំមួយផ្សេងទៀត នឹងត្រូវបិទទ្វារ​លែងទទួល​ស្វាគមន៍​អ្នកទស្សនាទាំងជាតិ និងអន្តរជាតិតែម្តង ​ចាប់ពីថ្ងៃ​ទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។ ការិយាល័យនៃព្រះបរមរាជវាំង បានបញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍ទៀតថា ថ្ងៃទី៣០ ខែកញ្ញា ត្រូវបានចាត់ទុកជាថ្ងៃចុងក្រោយ ដែលសាធារណជន​អាចមកទស្សនារាជវាំង​នេះបាន។

គួរបញ្ជាក់ថា ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់ព្រះសពអតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នឹងប្រារព្ធឡើង​ចាប់ពីថ្ងៃទី២៥ ដល់ ទី២៩ ខែតុលាខាងមុខ​នេះហើយ៕