(សេអ៊ូល)៖ មេបញ្ជាការ​កងទ័ពអាកាសអាមេរិក លោកឧត្តមសេនីយ៍ ចន ហ៊ីថិន (John Hyten) បានទទួលស្គាល់ថា កម្មវិធីមីស៊ីល​ឆ្លងទ្វីប ICBM​ និងអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង​ កំពុងរីកចំរើនទៅមុខ និងអាចបាញ់​ដល់ដីគោក​សហរដ្ឋអាមេរិក នៅពេលអនាគត។ ក៏ប៉ុន្តែ​ទន្ទឹមគ្នានេះ លោកក៏បាន​ធានាដែរថា ទីក្រុងវ៉ាស៊ីនតោន មានប្រព័ន្ធខែល​ការពារមីស៊ីលគ្រប់គ្រាន់ ដើម្បីទប់ស្កាត់​ការវាប្រហារ​ជាយ ថាហេតុណាមួយ​ ពីសំណាក់​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងវេទិកា រៀបចំឡើង​ដោយវិទ្យាស្ថាន ហ៊ូដសុន (Hudson​) កាលពីថ្ងៃពុធ លោក John Hyten បានកត់សម្គាល់យ៉ាង​ដូច្នេះថា «ទីក្រុងព្យុងយ៉ាង​កំពុងជួបប្រទះ​បញ្ហាប្រព័ន្ធ​ការពារមីស៊ីលចូលក្នុង លំហអាកាស ដែលនេះគឺជា​បញ្ហាមួយដ៏ធំនៃ​មីស៊ីលឆ្លងទ្វីប ICBM... តែអ្វីដែល​យើងមិនអាច​ប្រកែកបាន នោះគឺថា កូរ៉េខាងជើង​មានគ្រាប់បែក​នុយក្លេអ៊ែរ ហើយពួកគេអាច​នឹងមាន​សមត្ថភាពបំពាក់វា​នៅលើមីស៊ីល ICBM... ក៏ប៉ុន្តែបើសិន​ជាទីក្រុង​ព្យុងយ៉ាង ចង់វាយប្រហារ​លើសហរដ្ឋអាមេរិក វាមិនមែនជា​រឿងល្អ​សម្រាប់ពួកគេ​ឡើយ ព្រោះ​សហរដ្ឋអាមេរិក​មានប្រព័ន្ធ​ខែលការពារមីស៊ីល ដែលមានសមត្ថភាព​បំផ្លាញ និងស្ទាក់ចាប់​មីស៊ីល​កូរ៉េខាងជើង»។

គួររំលឹកថា កាលពី​ថ្ងៃទី០៣ ខែកញ្ញា កន្លងទៅ​កូរ៉េខាងជើង បានបំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ-អ៊ីដ្រូសែន​ជាលើកទី០៦ ព្រមទាំងបានអះអាងទៀតថា គ្រាប់បែកនេះ អាចបំពាក់​លើមីស៊ីល ICBM បាញ់ដល់ដីគោក​របស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នក​ជំនាញបានសន្និដ្ឋាន​មីស៊ីល ICBM របស់លោក គីម ជុងអ៊ុន អាចគំរាមកំហែង​ដល់រដ្ឋ អាឡាស្កា (Alaska), ហាវ៉ៃ (Hawaii), ឡូសអាន់ជែឡេស (Los Angeles), ឈីកាហ្គោ (Chicago), ញូយ៉ក (New York City), វ៉ាស៊ីនតោន (Washington) ជាដើម៕  ​