(ម៉ិចស៊ីកូ)៖ ចំនួនមនុស្សស្លាប់​ដោយសារតែ​គ្រោះរញ្ជួយដីដ៏កក្រើក នៅភាគកណ្តាល​ប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃអង្គារ​កន្លងទៅ​ បានកើនឡើង​យ៉ាងគំហុកដល់ ២៧៣នាក់ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​សុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមសេចក្តី​ប្រកាសពីទីភ្នាក់ងារគាំពារ​ជនស៊ីវិលជាតិ​ម៉ិចស៊ីកូ មនុស្សចំនួន ១៣៧នាក់ បានបាត់បង់ជីវិត នៅក្នុងរដ្ឋធានី​ម៉ិច​ស៊ី​កូ​ស៊ីធី (Mexico City), ៧៣នាក់ នៅរដ្ឋម៉ូរេឡូស (Morelos), ៤៣នាក់ នៅរដ្ឋភឺប្លា (Puebla), ១៣នាក់ នៅ​រដ្ឋម៉ិចស៊ីកូ, ០៦​នាក់​ នៅ​​រដ្ឋ​ហ្គឺរេរ៉ូ (Guerrero), និងម្នាក់នៅ​រដ្ឋអូសាខា (Oaxaca)។ ទីភ្នាក់ងារដដែលបានបញ្ជាក់ថា ចំនួននេះទំនងជាអាចនឹងកើនឡើង​​ខ្លាំង​ថែមទៀត ខណៈដែល​ប្រតិបត្តិការ​ជួយសង្រ្គោះកំពុងប​ន្តប្រព្រឹត្តទៅ ហើយសាកសព​​បន្ថែម កំពុងត្រូវគេទាញ​ចេញពីគំនរ​បាក់​បែក​​នៃអគារ ដែលបានទទួលរង​ការបំផ្លិចបំផ្លាញ​ ដោយសារគ្រោះរញ្ជួយ​ផែនដី​កម្រិតធ្ងន់ធ្ងររហូតដល់ ៧.១រ៉ិចទ័រនេះ។

គួរបញ្ជាក់ថា ក្រៅពីនេះអគារប្រមាណ ៤០ខ្នង បានដួលរលំទាំងស្រុង ស្របពេល​ដែល ២,៩០០ខ្នង បានរងការ​ខូចខាត។ ជាមួយ​គ្នា​នេះ បើតាមក្រសួង​សុខាភិបាលម៉ិចស៊ីកូ មន្ទីរពេទ្យនានា បានទទួលព្យាបាល​អ្នករបួសចំនួន ២,៦៣៣នាក់ ដោយភាគច្រើន​គឺនៅ​ក្នុងរដ្ឋធានីរបស់​ប្រទេសតែម្តង ជាទីដែលមាន​មនុស្សប្រមាណ ១,៩៩៨នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ​គ្រោះរញ្ជួយដី​យ៉ាងសាហាវ​ និងខ្លាំងក្លាប្រចាំឆ្នាំនេះ៕