(ញូយ៉ក)៖ កូរ៉េខាងជើង អាចនឹងដឹកនាំ​ការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរ​អ៊ីដ្រូសែន​ដ៏មានឥទ្ធិពលរបស់ខ្លួន នៅឯមហាសមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់ពីមេដឹកនាំ​លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យ​មានការចាត់​វិធានការ​សកម្មភាពកំរិត​ខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង ប្រឆាំងនឹង​សហរដ្ឋអាមេរិក។ នេះបើតាមរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង លោក Ri Yong-ho ដកស្រង់ ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោក រី យ៉ុង ហូ (Ri Yong-ho) ធ្វើឡើងក្រោយ លោក គីម ជុងអ៊ុន ព្រមានចាត់វិធានការ​សងសឹក​ ឆ្លើយតបទៅនឹងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាម​កម្ទេច​កូរ៉េខាងជើងឱ្យ​ក្លាយជាផេះ។ លោក Ri បានគូសបញ្ជាក់​ប្រាប់អ្នក​សារព័ត៌មានយ៉ាងដូច្នេះថា «វិធានការ​ទាំងនោះ អាចជា​ការធ្វើតេស្ដបំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​អ៊ីដ្រូសែន​ នៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក... តែយ៉ាងណា យើងនៅ​មិនទាន់​ដឹងថា ផែនការសកម្មភាព​នេះ​អាចនឹងត្រូវអនុវត្តន៍ ឬ​យ៉ាងណា​នោះទេ​ ត្បិតវាស្ថិតនៅក្រោម​បញ្ជាដោយ លោក គីម ជុងអ៊ុន»

គួរបញ្ជាក់ថា ចំពោះមុខ​មហាសន្និបាត​​នៃអង្គការសហប្រជាជាតិ នៅឯទីស្នាក់ការ​កណ្តាល UN នាបុរីញូយ៉កកាល​ពីថ្ងៃអង្គារ លោក ដូណាល់​ ត្រាំ បានព្រមាន​​កម្ទេច​កូរ៉េខាងជើង​ ឱ្យក្លាយជាផេះ ដើម្បីការពារសន្តិភាព និងសន្តិសុខក្នុង​តំបន់ នៅក្នុងករណីទីក្រុងព្យុងយ៉ាង ហ៊ានគំរាមកំហែង​ដល់សម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិក។ ប៉ុន្តែនេះមិនមែនជា​លើកទីមួយឡើយ ដែលលោក ត្រាំ ព្រមានបែបនេះ គ្រាន់តែ​លើកនេះ ត្រាំ បានយកវេទិកាអន្តរជាតិមកប្រើប្រាស់ ដែលវាមានន័យវាយប្រហារដោយប្រយោល​មិនធ្លាប់​មានមកលើកូរ៉េខាងជើងតែម្តង៕