(ហ្សឺណែវ)៖ ការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ បានចេញរបាយការណ៍ថ្មី​មួយឲ្យដឹងថា ប្រទេសសរុបចំនួន២៩ទូទាំងពិភពលោក ដោយក្នុងនោះក៏រួមមានទាំងសមាជិកផ្ទាល់របស់ UNHRC ចំនួន៩ផងដែរ បាន​ធ្វើទុក្ខបុកម្នេញលើសកម្មជនការ​ពារ​សិទ្ធិមនុស្ស នៅប្រទេសទាំងនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស Independent នៅព្រឹកថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

០៩ប្រទេសក្នុងចំណោមប្រជាជាតិទាំង២៩ខាងលើ គឺជាសមាជិកផ្ទាល់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សថែមទៀតផង ដែលសព្វថ្ងៃ​មានទីស្នាក់ការនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស និងមានសមាជិកសរុប៤៧ប្រទេស។ ២៩ប្រទេសដែលរងការរិះគន់រួមមាន៖ ប៊ូរុនឌី អេហ្ស៊ីប រវ៉ាន់ដា គុយបា វ៉េណេស៊ុយអេឡា ចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និង អេមីរ៉ាតអារ៉ាប់រួម។ ដោយឡែកប្រទេស២០ទៀត រួមមាន អាល់ហ្សេរី បារ៉ែន អេរីត្រេ ហុងឌូរ៉ាស អ៊ីរ៉ង់ អ៊ីស្រាអែល ម៉ូរីតានី ម៉ិចស៊ិក ម៉ារ៉ុក អូម៉ង់ ស៊ូដង់ខាងត្បូង ស៊ូដង់ តួកគី ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា និង​ថៃ។

បើតាមលោក Andrew Gilmour អគ្គនាយករង​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ សកម្មជនការពារសិទ្ធិមនុស្សនៅក្នុង​ប្រទេសទាំង២៩ខាងលើ ត្រូវបានចាប់ខ្លួន, ឃុំឃាំង, ផ្តាច់ការទាក់ទងពីសង្គមខាងក្រៅ, ឬក៏បាត់ខ្លួន។ ក្រៅពីនេះជនរងគ្រោះ​ដទៃ​​ទៀត បានបាត់បង់ការងារ, ត្រូវគេចុះឆែកឆេផ្ទះសម្បែង ឬកន្លែងធ្វើការ, ទទួលរងការហាមឃាត់មិនឲ្យធ្វើដំណើរ និងត្រូវគេបង្កក​ទ្រព្យ​សម្បត្តិជាដើម ខណៈករណីជាច្រើន មានពាក់ព័ន្ធទាំងការធ្វើទារុណកម្ម និងរំលោភបំពានសេពសន្ទវៈថែមទៀតផង។

របាយការណ៍របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសទាំង២៩ដែលត្រូវបានរងការរិះគន់ និងបរិហារលើបញ្ហាសិទ្ធិមនុស្ស មិនមានប្រទេសកម្ពុជានោះទេ។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍បែបនេះកាលពីលើកមុនៗ ជាមធ្យមមានប្រទេសត្រឹមតែ១៥ប៉ុណ្ណោះ ដែលត្រូវបានចាត់បញ្ចូល​ក្នុងបញ្ជីខាងលើ ហើយមិនលើសពី២០ប្រទេសនោះឡើយ។

ទន្ទឹម​គ្នា​នេះ របាយការណ៍​បាន​ទទួល​ស្គាល់​ថា តួលេខ​ជាក់ស្តែង​អាច​នឹង​មាន​ច្រើន​ជាង​នេះ ព្រោះ​មាន​ករណី​ខ្លះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ទេ​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​ជនរងគ្រោះ។ របាយការណ៍​បាន​លើក​ឡើង​ពី​ស្រ្តីសកម្មជន​សិទ្ធិមនុស្ស​ជនជាតិ​បារ៉ែន​ម្នាក់​ដែល​ត្រូវ​បាន​រដ្ឋអំណាច​បារ៉ែន​ចាប់​ខ្លួន រំលោភ និង​សម្លាប់​ចោល បន្ទាប់​ពី​ស្រ្តី​រូប​នោះ​បាន​និយាយ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ពី​ស្ថានការណ៍​រំលោភ​សិទ្ធិមនុស្ស​នៅ​បារ៉ែន៕