(ញូយ៉ក)៖ ការឆ្លើយតបពីកូរ៉េខាងជើង ទៅកាន់សហរដ្ឋអាមេរិកវិញ នៅមិនទាន់បញ្ចប់​នោះទេ ដោយក្រៅពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឥឡូវនេះរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho វិញម្តង បានចេញមុខវាយបកទៅវិញបន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រើប្រាស់​ពាក្យសម្តីចង់វាយកម្ទេចប្រទេសកូរ៉េខាងជើង នៅចំពោះមុខមហាសន្និបាត​នៃអង្គការ​សហប្រជាជាតិ។ នេះបើតាម​ការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។

លោក Ri បានផ្តល់បទសម្ភាសន៍ក្នុងសណ្ឋាគាររបស់លោក នៅក្បែរទីស្នាក់ការកណ្តាល​នៃទីក្រុងញូយ៉កយ៉ាងដូច្នេះថា «មានពាក្យមួយឃ្លានិយាយថា នៅពេលឆ្កែព្រុស អ្វីៗនឹង​កញ្ជ្រោលទៅតាមនោះ។ ប៉ុន្តែប្រសិនបើលោក (ត្រាំ) គិតថាចង់បង្អើលយើង​ជាមួយ​នឹងសំឡេងឆ្កែព្រុសនោះ វាពិតណាស់ថា លោកកំពុងយល់សប្តិហើយ»

គួរបញ្ជាក់ថា ការព្រមានធ្ងន់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង និងរដ្ឋមន្ត្រីការបរ​ទេសពេលនេះ ធ្វើឡើងបន្ទាប់ពី​​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចំពោះមុខ​មហាសន្និបាត​​នៃអង្គការសហប្រជាជាតិ នៅឯទីស្នាក់ការ​កណ្តាល UN នាបុរីញូយ៉ក បានព្រមាន​​កម្ទេចកូរ៉េខាងជើង​​ទាំងស្រុងតែម្តង ដើម្បីសន្តិភាព និងសន្តិសុខក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល បន្ទាប់ពីកូរ៉េខាងជើង​ធ្វើការបាញ់​មីស៊ីលច្រើន​លើកច្រើនសា ព្រមទាំងបាន​បំផ្ទុះអាវុធនុយក្លេអ៊ែរ​​បន្ថែមទៀត ដោយមិន​ខ្លាចញញើត​ទណ្ឌកម្មពី UN បន្តិចនោះ៕