(ញូយ៉ក)៖ សមត្ថកិច្ច​ទីក្រុងញូយ៉ក បានចាប់ខ្លួន​សមាជិកសភា នៃគណបក្សសាធារណរដ្ឋ​​ចំនួន​បីរូប នៅពីមុខអគារពាណិជ្ជកមុ្ម ត្រាំ (Trump Tower) ដោយសារតែពួកគេ​ទាំងនេះ បានធ្វើបាតុកម្ម ប្រឆាំងទៅនឹងការ​លប់ចោល កិច្ចការពារជនអន្តោប្រវេសន៍ជាកុមារ​ មកកាន់សហរដ្ឋអាមេរិក ឬក៏ហៅ​ថា Dreamers ពីសំណាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ។ នេះបើតាមការ​ចេញផ្សាយ​​ដោយសារព័ត៌មាន The Guardian នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។

សមាជិកសភា​របស់បក្សសាធារណរដ្ឋ​​ (មានអភ័យឯកសិទ្ធិ) ដែលមកប្រមូលផ្តុំគ្នា​តវ៉ានៅទីក្រុងញូយ៉ក ទាំងបីរូបខាងលើនេះ​​រួមមាន លោក Raúl Grijalva មកពីរដ្ឋ Arizona, លោក Luis Gutiérrez មកពីរដ្ឋ Illinois និង លោក Adriano Espaillat នៅទីក្រុងញូយ៉ក​ផ្ទាល់តែម្តង។ សមាជិកសភា​​ទាំងនេះ​ ក៏មានការចូលរួម​គាំទ្រដោយអ្នកតវ៉ាមួយ​ក្រុមតូចផងដែរ ដោយពួកគេធ្វើការ​ប្រមូលផ្តុំនៅ​ក្បែរអគារ ត្រាំ ហើយក្រោយមក​ត្រូវបានសមត្ថ​កិច្ចចាប់ឃាត់ខ្លួន ដោយសារតែពួកគេ​​មិនព្រមដកថយ​តាមបទបញ្ជា។

បន្ថែមពីនេះ​ប្រធានក្រុមប្រឹក្សា​ទីក្រុងញូយ៉ក លោកស្រី Melissa Mark-Viverito ត្រូវបាន​សមត្ថកិច្ច​ចាប់ដាក់ខ្នោះដៃ និងយកទៅទីបញ្ជាការ​សន្តិសុខផងដែរ។ បើតាមសមត្ថកិច្ច​ទីក្រុងញូយ៉ក យ៉ាងហោច​ណាស់​មនុស្ស ១០នាក់ ត្រូវបានចាប់ខ្លួននាពេលនោះ។

គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួន​អ្នកតវ៉ាមួយចំនួន​​ទីក្រុងញូយ៉ក​​​បានបង្ហាញជំហររឹងមាំដដែលថា «យើងចង់ធ្វើការ​បញ្ជាក់ឲុ្យបាន​ច្បាស់លាស់ទៅ លោក ដូណាល់ ត្រាំ ថាយើង​នឹងបន្តការប្រយុទ្ធ​ប្រឆាំង​ដើម្បីសន្តិភាព សម្រាប់ក្រុម Dreamers និងជនអន្តោប្រវេសន៍នានា រហូតដល់ច្បាប់​ការពារ​ពួកគេ ត្រូវបានដាក់ឲ្យ​អនុវត្តន៍ឡើងវិញ ហើយពួកគេនឹង​ស្ថិត​នៅក្នុង​សុវត្ថិភាព»៕