(ប៉េកាំង)៖ ប្រធានាធិបតីចិន លោកស៊ី ជិនពីង បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ជុំវិញការបំពេញដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ ទីក្រុងប៉េកាំង។ ព្រមពេលជាមួយ លោក ស៊ី ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក និងចិន គួរតែចែករំលែកផលប្រយោជន៍រួម ខណៈប្រទេសទាំងមានការខ្វែងគំនិតគ្នាមួយចំនួនទាក់ទិននឹង កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ​ ទី១៨ ខែកញ្ញា​ ឆ្នាំ២០១៧។

កាលពីសប្ដាហ៍មុន សារព័ត៌មានជាច្រើនបានចុះផ្សាយថា លោក ដូណាល់ ត្រាំ នឹងបំពេញ​ទស្សនកិច្ចមកកាន់​ប្រទេសជប៉ុន, កូរ៉េខាងត្បូង, និងចិន នៅខែវិច្ឆិកា​ខាងមុខនេះ។ ជាងនេះទៅ ទៀត ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហើប​ទៀតថាលោកអាច​នឹងបន្ថែម​​វៀតណាម​ទៅក្នុងដំណើរ​ទស្សនកិច្ចនេះ ដើម្បីចូលរួម​សន្និសី​ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។

«យើងនឹងធ្វើ​ទស្សនកិច្ចជាក្រុម​ទៅកាន់តំបន់​អាស៊ី​នៅខែវិច្ឆិកាខាងមុខនេះ ដោយយើង​នឹងទៅ ជប៉ុន, កូរ៉េខាងត្បូង, និងចិន ហើយអាចរាប់បញ្ចូលទាំង​វៀតណាម​ថែមទៀត​»។ នេះជាការ លើកឡើងរបស់លោកត្រាំ ប្រាប់ក្រុម​អ្នកសារព័ត៌មាន ​នៅលើយន្តហោះ Air Force One ឆ្ពោះទៅកាន់​រដ្ឋផ្លូវរីដា ក្នុងគោលបំណងចុះសួរសុខទុក្ខ​​​ជនរងគ្រោះដោយ​សារព្យុះហឺរីខិន អឺម៉ា (Irma) កាលពីថ្ងៃទី១៥ ខែកញ្ញា។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចមកកាន់ទ្វីបអាស៊ី លោក ដូណាល់​ ត្រាំ ត្រូវបានគេរំពឹងថានឹងបញ្ចុះបញ្ចូលចិន ឱ្យគ្រាំទ្រដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់កម្មវិធី នុយក្លេអ៊ែរ និងមីស៊ីល។ ក៏ប៉ុន្តែក្រុមអ្នកជំនាញខ្លះ យល់ថាទីក្រុងប៉េកាំង ទំនងជានឹងមិនអនុវត្តការដាក់ទណ្ឌកម្មឱ្យពេញដៃពេញជើងឡើយ ព្រោះចិននៅតែព្រួយបារម្ភខ្លាចក្រែងបង្កភាពវឹក វរនៅក្នុងប្រទេសកូរ៉េខាងជើង ឬក៏បង្កជាវិបត្តិជនភៀសខ្លួននៅតាមតំបន់ព្រំដែន៕