(គូឡាឡាំពួរ)៖ ប្រធានអង្គភាពប្រយុទ្ធប្រឆាំងភេរវកម្មម៉ាឡេស៊ី លោក Ayob Khan បាននិយាយថាក្រុម ISIS បាននិងកំពុងប្រើប្រាស់វិបត្តិជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា ដើម្បីជ្រើសរើសក្រុមអ្នកប្រយុទ្ធថ្មីឱ្យអនុវត្តសកម្មភាពភេរវកម្ម ឬក៏យកធ្វើជាគោលដៅបន្ទាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ​ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសិក្ខាសាលាស្ដីពីការគំរាមកំហែងរបស់ពួក ISIS លើយុវជន នៅឯទីក្រុងម៉ាឡាកា កាលពីថ្ងៃអាទិត្យ លោក Ayob Khan បានលើកឡើងដូច្នេះថា៖«​ មីយ៉ាន់ម៉ា គឺស្ថិតនៅជិតម៉ាឡេស៊ីជាងស៊ីរី និងភាគខាងត្បូងប្រទេសហ្វីលីពីន ជាទីដែលជម្លោះកំពុងកើតឡើង ...ដូច្នេះបច្ចុប្បន្នរដ្ឋរ៉ាឃីន អាចនឹងក្លាយជាគោលដៅបន្ទាប់របស់ពួកគេ (​ISIS) សម្រាប់សង្រ្គាមជីហាត (សង្រ្គាមដើម្បីព្រះ)»។ ការថ្លែងបែបនេះរបស់ លោក Ayob ធ្វើឡើងបន្ទាប់ពីក្រុមអាល់កៃដាដែលសហរដ្ឋអាមេរិកចោទថាជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក៏បានអំពានាវផងដែរ ឱ្យអ្នកកាន់សាសនាអ៊ីស្លាម ឬជនមូស្លីម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលជួយឬក៏ផ្ដល់អាវុធដល់រ៉ូហ៊ីងយ៉ាសំដៅទប់ទល់នឹងការគាប សង្កត់ពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា បើតាម លោក Ayob Khan មកទល់ពេលនេះ មានជនជាតិម៉ាឡេស៊ី០៤នាក់ កំពុងចូលរួមប្រយុទ្ធជាមួយពួក ISIS នៅក្នុងប្រទេសស៊ីរី ហើយលោកជឿជាក់ថាពួកគេទាំងនេះ កំពុងធ្វើសកម្មភាពអូសទាញ និងជ្រើសរើសជនជាតិម៉ាឡេស៊ីបន្ថែម៕