(ប៉េកាំង)៖ ចិន និងរុស្ស៊ីនៅថ្ងៃចន្ទនេះ​បានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពជើងរបស់ពួកគេហើយ នៅក្បែរតំបន់​ព្រំដែន​កូរ៉េខាងជើង ចំពេល​អាមេរិកកំពុងតែធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់បែក នៅក្បែរឧបទ្វីប​កូរ៉េ​ដូចគ្នា​ ក្រោយទីក្រុង​ព្យុងយ៉ាង​បាញ់មីស៊ីល​មួយគ្រា​ប់ ហោះរំលង​ប្រទេសជប៉ុន។ សមយុទ្ធយោធា​នេះធ្វើឡើង​ នៅមុនពេលកិច្ចប្រជុំមហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុងសប្ដាហ៍នេះ​នៅឯទីក្រុង​ញូយ៉ក ជាទីដែល​សំណុំរឿងនុយក្លេអ៊ែរ​​កូរ៉េខាងជើង​ត្រូវបានគេរំពឹងថា នឹងក្លាយប្រធាន​បទដ៏ក្ដៅគគុក។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង កូរ៉េខាងជើង​កាលពីថ្ងៃសុក្រកន្លងទៅ បានបាញ់​សាកល្បងមីស៊ីល Hwasong-12 មួយគ្រាប់ហោះ​រំលងពីលើ​ជប៉ុន ដោយវារត់​បានចំងាយ ៣,៧០០គីឡូម៉ែត្រ ជាមួយរយៈកម្ពស់អតិបរមា ៧៧០គីឡូម៉ែត្រ មុននឹងធ្លាក់ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយវា​គឺការធ្វើតេស្ដមីស៊ីល​លើកទី ១៩ ក្នុងឆ្នាំ២០១៧នេះ និងលើកទី ០៨ គិតចាប់តាំងពី​លោក មូន ជែអ៊ីន ជាប់ឆ្នោតជា​ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ខែឧសភាមក។

ដោយឡែក ជុំវិញសមយុទ្ធយោធានេះដែរ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ បានរាយការណ៍ថា សមយុទ្ធយោធា​ជើងទឹករួមគ្នា​រវាងចិន និងរុស្ស៊ី នឹងត្រូវប្រព្រឹត្ត​ទៅនៅចន្លោះ​ឆ្នេរសមុទ្រ Peter the Great Bay ស្ថិតនៅខាង​ក្រៅ​ទីក្រុងកំពង់ផែ វ្ល៉ាឌីវ៉ូស្តូក (Vladivostok) នៃភាគកើតចុង​បំផុត​ប្រទេសរុស្ស៊ី ដែលស្ថិតនៅ​ក្បែរព្រំដែន​កូរ៉េខាងជើង និងតំបន់ឆ្នេរ​ភាគខាងត្បូង​នៃសមុទ្រ អូខូតស៍ (Okhotsk) ទៅកាន់​ភាគខាងជើង​ប្រទេសជប៉ុន។

គួរបញ្ជាក់ថា នេះគឺជាលើកទី ០២ហើយ ដែលទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ធ្វើសមយុទ្ធយោធា​ជើងទឹក​រួមគ្នា ដោយលើកទី០១ បានប្រព្រឹត្ត​ទៅនៅឯ​សមុទ្របាល់ទិច កាលពីខែកក្កដា​កន្លងទៅ។ ប៉ុន្តែស៊ីនហួរ មិនបានភ្ជាប់ដោយ​ផ្ទាល់សមយុទ្ធនេះ​ ទៅនឹងភាពតានតឹង​បច្ចុប្បន្នឡើយ ខណៈប្រទេសទាំងពីរ ទទូចឱ្យ​មានការដោះស្រាយជា​មួយទីក្រុងព្យុងយ៉ាង ធ្វើឡើងដោយ​សន្តិវិធី៕