(អាមេរិក)៖ ដោយយាន​អវកាស កាស៊ីនី (Cassini) របស់អង្គការ NASA ឥឡូវនេះ ត្រឹមជាកម្ទេច​គម្ទីរម៉ូលេគុល នៅក្នុងពពកបរិយាកាស​​​នៃ​ភពសៅរ៍ (Saturn) ប៉ុណ្ណោះនោះ ភពឧស្ម័នយក្ស​មួយផ្សេងទៀត កំពុងក្លាយជា​គោលដៅសិក្សាស្រាវជ្រាវ ដ៏ចម្បងវិញម្តង។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី វែបសាយវិទ្យាសាស្រ្ត-អវកាស Space.com នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

យានអវកាស Cassini បានមុជទម្លាក់​ខ្លួនកម្ទេចចោល​ តាមការ​គ្រោងទុក​ទៅក្នុងភពសៅរ៍ កាលពីយប់​ថ្ងៃសុក្រសប្តាហ៍​កន្លងទៅ​ ខណៈនេះ​គឺជាការបិទ​បញ្ចប់ នៃបេសកកម្ម​រយៈពេល ១៣ឆ្នាំ របស់វានៅទីនោះ ដែលបានជួយ​បង្កើនការយល់ដឹង​របស់ក្រុមអ្នក​វិទ្យាសាស្រ្តកាន់​តែច្បាស់ថែមទៀត ចំពោះប្រព័ន្ធ​ភពសៅរ៍ និងសមត្ថភាព​របស់វាក្នុងការ​ទ្រទ្រង់ជីវិត។ ទោះជាបែបនេះ​ក្តី NASA នៅតែមាន​យានអវកាស កំពុង​សិក្សាស្រាវជ្រាវ​ទៅលើ ភពឧស្ម័នយក្ស​មួយផ្សេងទៀតដដែល ដោយយាននោះ​មានឈ្មោះថា Juno ដែលកំពុងតែធ្វើ​ដំណើរគោចរ​ជុំវិញភពព្រហស្បតិ៍ (Jupiter) ចាប់តាំងតែពី​ជាងពាក់​កណ្តាលឆ្នាំមុន។

ក្រៅពីនេះ បេសកកម្ម​ទៅកាន់ Jupiter ចំនួន០២ផ្សេងទៀត ក៏ត្រូវគ្រោងនឹង​ចាប់ផ្តើមប្រព្រឹត្ត​ទៅនា០៥ឆ្នាំខាងមុខផងដែរ ដោយ​ក្នុងនោះរួមមាន​ការបញ្ជូនយាន​អវកាស Europa Clipper របស់ NASA ដែលនឹងធ្វើការសិក្សា​ទៅលើលទ្ធភាព នៃការទ្រ​ទ្រង់​ជីវិត​​ព្រះច័ន្ទ យូរ៉ូប៉ា (Europa) និងការបញ្ជូន​យាន JUICE (Jupiter Icy Moons Explorer) ដែលនឹងសិក្សា​អង្កេតលើភពព្រហស្បតិ៍ រួមទាំងព្រះច័ន្ទ ០៣ ក្នុងចំណោមព្រះច័ន្ទធំបំផុតទាំង ០៤ របស់វា ដោយរួមបញ្ចូលទាំង Europa។

គួរបញ្ជាក់ថា បេសកកម្មទាំងនេះ​ទៅកាន់ប្រព័ន្ធ​ភពព្រហស្បតិ៍ មិនមែន​មានន័យថា NASA និងក្រុមអ្នក​ស្រាវជ្រាវភព បានបាត់បង់​ចំណាប់​អារម្មណ៍ចំពោះភពសៅរ៍​នោះទេ តែផ្ទុយទៅវិញ របកគំហើញ​សំខាន់ៗជាច្រើន​របស់ Cassini ជាពិសេសទៅលើ​បរិ​ស្ថាន​​ទំនងអាចទ្រទ្រង់ជីវិត​បាននៅលើ ទីតាន (Titan) និង អាន់សែឡាដឺ (Enceladus) ដែលជាព្រះច័ន្ទរបស់ភពសៅរ៍ កំពុងតែជំរុញឲ្យមានការធ្វើបេសកកម្ម​​ទៅកាន់ទីនោះជាបន្ត​បន្ទាប់ទៀត៕​