(ប៉ារីស)៖ រដ្ឋាភិបាលបារាំង​នៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមដំណើរការ​ហើយ គំរោងសាងសង់​ជញ្ជាំងកញ្ចក់​ការពារគ្រាប់កាំភ្លើង​ មានកម្ពស់ ០៣ម៉ែត្រ នៅជុំវិញប៉ម ទួរអ៊ែលហ្វែក (​Tour Eiffel) ដោយត្រូវចាយ​លុយប្រមាណជា ២០លានអឺរ៉ូ ឬស្មើនឹងជិត ២៤លានដុល្លារអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន​បារាំង Le Figaro នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមគំរោងដែល​បានប្រកាស ​ប៉ម ​Tour Eiffel នឹងត្រូវបាន​ការពារព័ទ្ធ​ជុំវិញដោយជញ្ជាំងកញ្ចក់​ការពារគ្រាប់កាំភ្លើង​ចំនួនពីរ មានកម្ពស់ជាង ០៣ម៉ែត្រនៅផ្នែកខាងមុខ និងផ្នែកខាង​ក្រោយ ហើយជញ្ជាំងកញ្ចក់នេះ​នឹងត្រូវចាប់ផ្ដើមតម្លើង​នៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។ ជាងនេះ​ទៅទៀត នៅមិនឆ្ងាយ​ប៉ុន្មានពីសួនច្បារ និងលំនៅដ្ឋាន របងដែកជាច្រើន​ក៏នឹងត្រូវបាន​គេតម្លើង​ផងដែរ ក្នុងគោលបំណង​ការពារ​ការវាយប្រហារ​ជាយថាហេតុណាមួយ ពីសំណាក់​ពួកភេរវករ។

គួរបញ្ជាក់ថា គំរោងសាងសង់​ជញ្ជាំងកញ្ចក់​ការពារគ្រាប់កាំភ្លើង​ខាងលើ មានកម្ពស់ ៣,២៤ម៉ែត្រ នៅជុំវិញប៉ម ​Tour Eiffel ដែលមាន​កម្ពស់ ៣២៤ម៉ែត្រ និងត្រូវចំណាយ​ប្រាក់អស់ ២០លានអឺរ៉ូ៕