(សិង្ហបុរី)៖ ក្រុមបាតុករ​មានគ្នា​ប្រមាណ ៣,០០០នាក់ ហៅខ្លួនឯងថា «ការតវ៉ាស្ងៀមស្ងាត់» បានប្រមូលផ្ដុំគ្នាតវ៉ា​កាលពីថ្ងៃទី១៦ ខែកញ្ញា នៅឯទីលាន Hong Lim Park ដើម្បីសម្ដែងការ មិនពេញចិត្ត​របស់ពួកគេ​ទៅនឹងការបោះឆ្នោត​ប្រធានាធិបតីថ្មី​ បន្ទាប់ពីលទ្ធផល​បង្ហាញថា លោកស្រី ហាលីម៉ាហ៍ យ៉ាខូប (Halimah Yacob) បានជាប់ឆ្នោតក្លាយ​ជាប្រធានាធិបតី​ស្រី្តដំបូងគេបង្អស់ នៅក្នុង​ប្រវត្តិសាស្ត្រ​សិង្ហបុរី។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

នៅអំឡុងបាតុកម្មតវ៉ា​កាលពី​ថ្ងៃសៅរ៍នោះដែរ ក្រុមបាតុករជាច្រើន​បានស្រែកពាក្យស្លោក និងលើកផ្ទាំងបដា​មានន័យជាភាសា​ខ្មែរថា «ថ្ងៃប្រជាធិបតេយ្យស្លាប់ និងការលួចយកការបោះឆ្នោត» រីឯអ្នកខ្លះទៀត​ស្រែកខ្លាំងថា «ខ្ញុំជំទាស់នឹងការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៧ ហើយអ្នកមិនមែន​ជាប្រធានាធិបតី​របស់ខ្ញុំទេ»។

ដោយឡែក​ក្រុមអ្នករៀបចំ​ការតវ៉ា ក៏បានលើកឡើង ដូច្នេះដែរថា «ខ្ញុំគិតថា ការតវ៉ាស្ងៀមស្ងាត់នេះ គឺជាសារមួយ​ដ៏មានឥទ្ធិពល​ទៅកាន់រដ្ឋាភិបាល។ វាពិតជា​មានសារៈសំខាន់ណាស់ សម្រាប់ពួកយើង​ត្រូវចូលរួមទំាងអស់គ្នា ឈរជា​មួយគ្នា ត្បិតអី្វដែល​បានកើតឡើង គឺមិនត្រឹមត្រូវ... ប្រធានាធិបតីគួរតែ​ត្រូវបានបោះឆ្នោត​ដោយពួកយើង ជីវិតយើង​ទាំងអស់គ្នា​ពិតជាមានសារៈសំខាន់»។ យ៉ាងណាក៏ដោយ ពួកគេនៅ​តែ​អះអាងថា ការតវ៉ានេះធ្វើឡើង​ក្នុងគោលបំណង​សម្ដែងការមិនពេញ ចំពោះប្រព័ន្ធ​បោះឆ្នោត មិនមែនដោយសារ​តែការប្រឆាំង​នឹង លោកស្រី Halimah Yacob នោះទេ។

គួរបញ្ជាក់ថា លោកស្រី Halimah Yacob បានក្លាយ​​ជាប្រធានាធិបតី​សិង្ហបុរី​ជាស្ត្រី និងជនជាតិ​ម៉ាឡេស៊ីដំបូងគេ​បំផុត​ក្នុងរយៈពេល ៤៧ឆ្នាំមកនេះ​ ក្រោយលោកស្រី​ស្បថចូលកាន់​តំណែងកាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន៕