(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម​បានបណ្ដេញមន្ត្រី​កូរ៉េខាងជើងម្នាក់ចេញពីប្រទេស​ នៅក្នុងក្របខណ្ឌ​នៃការអនុវត្តន៍ តាមបញ្ជីខ្មៅ​ដាក់ទណ្ឌកម្ម​របស់ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា ជាតិ​ ពាក់ព័ន្ធនឹងកម្មវិធី​អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង។ នេះបើតាម​ប្រភពការទូត​ជាច្រើន ដកស្រង់ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ​ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមប្រភព​ការទូតដដែល លោក គីម​ ដុងហូ (Kim Dong-ho) ជាប្រធានធនាគារ​កូរ៉េខាងជើង Tanchon Commercial Bank ត្រូវបានបណ្ដេញ​ចេញពីប្រទេស​វៀតណាម ហើយ លោកបានត្រឡប់​ទៅដល់ទីក្រុងព្យុងយ៉ាង​វិញ កាលពីពាក់កណ្ដាលខែកក្កដា មកម្លេះ។ លោក គីម គឺជាមន្ត្រីម្នាក់​ក្នុងចំណោម​មន្ត្រីកូរ៉េខាងជើង ១៤នាក់ ដែលជាប់ទណ្ឌកម្ម​ហាមឃាត់ការ ធ្វើដំណើរ និងបង្កកទ្រព្យ​សម្បត្តិ ក្រោម​ដំណោះស្រាយ UN ​លេខ ២៣៥៦ កាលពី​ថ្ងៃទី០២ ខែមិថុនា ដោយសារតែ​កម្មវិធីនុយក្លេអ៊ែរ​កូរ៉េខាងជើង។ បន្ថែមពី​លើនេះ ធនាគារ Tanchon ក៏ត្រូវបានគេ​ដាក់បញ្ចូលក្នុង​បញ្ជីខ្មៅ នៃក្រុមប្រឹក្សាសន្តិសុខ​កាលពី​ខែមេសា ឆ្នាំ២០០៩ សម្រាប់ការ​ពាក់ព័ន្ធនឹង​កម្មវិធីអាវុធទីក្រុងព្យុងយ៉ាង លក់អាវុធខុសច្បាប់ និងលាងលុយកង្វក់។

គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០១៦ រដ្ឋាភិបាល​វៀតណាម ក៏ធ្លាប់បានបណ្ដេញ​អ្នកតំណាងរង​ធនាគារ Tanchon Commercial Bank ចេញពីប្រទេស​ផងដែរ បន្ទាប់ពីលោក​ត្រូវបាន គេបញ្ចូលទៅក្នុងបញ្ជីខ្មៅ​តាមដំណោះស្រាយលេខ ២២៧០៕