​(បាកដាត)៖ អនុប្រធានាធិបតី​អ៊ីរ៉ាក់ លោក នួរី ម៉ាលីគី (Nouri Maliki) ដែលជាអ្នកជំទាស់​នឹងឯករាជ្យភាពរបស់ប្រជាជន​ឃើដ បាននិយាយជា​សាធារណៈថា ទីក្រុងបាកដាដ នឹងមិនបណ្ដោយ​ឱ្យអ៊ីស្រាអែល ទី០២ លេចចេញជា​រូបរាងឡើង​ នៅតំបន់ភាគខាងជើង​ប្រទេសអ៊ីរ៉ាក់​ជាដាច់ខាត​ ដោយលោកចង់​សំដៅទៅលើ​ការបោះឆ្នោត​ប្រជាមតិ​ ដើម្បីប្រកាសឯករាជ្យឃើដនៅអ៊ីរ៉ាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងក្រោយ​ជំនួបជាមួយអគ្គរដ្ឋទូត​អាមេរិកប្រចាំទីក្រុងបាកដាដ កាលពីថ្ងៃអាទិត្យ លោក Nouri Maliki បានគូស​បញ្ជាក់យ៉ាងខ្លី​ដូច្នេះថា «យើងនឹងមិន​បណ្ដោយឱ្យ​អ៊ីស្រាអែលទី០២ លេចចេញជា​រូបរាងឡើង នៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់​ជាដាច់ខាត។ ការលើកឡើងបែបនេះ​របស់ លោក Maliki ធ្វើឡើងបន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចេញមុខគាំទ្រ​ឱ្យឃើដបង្កើតរដ្ឋ​ផ្ទាល់ខ្លួន ហើយមិនតែប៉ុណ្ណោះ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានហៅប្រជាជន​ឃើដថា ជាអ្នកក្លាហាន និងជាអ្នកគាំទ្រ​លោកខាងលិច ដែលចែករំលែក​តម្លៃរបស់​យើង (អ៊ីស្រាអែល)។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី០៧ ខែមិថុនា ប្រធានាធិបតី​ឃើដ លោក ម៉ាហ្សូដ បារហ្សានី (Masoud Barzani) បានប្រកាសថា​ ឃើដនឹងរៀបចំ​ការបោះឆ្នោតប្រជាមតិ​ស្ដីពីការប្រកាសឯករាជ្យ​នៅថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ។ ក៏ប៉ុន្តែអ៊ីរ៉ាក់ ស៊ីរី តួកគី និងរដ្ឋអារ៉ាប់​ជាច្រើនទៀត​ ជំទាស់យ៉ាងខ្លាំងនឹង​ការបោះឆ្នោតនេះ ហើយសភាអ៊ីរ៉ាក់ក៏បានបោះឆ្នោតអនុម័តផងដែរ បើកផ្លូវឱ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ប្រើប្រាស់គ្រប់វិធានការ​ទំាងអស់ ដើម្បីការពារ​ឯកភាពជាតិ​អ៊ីរ៉ាក់ ខណៈអង្គការ​សហប្រជាជាតិ​ព្រួយបារម្ភថា ឯករាជ្យ​របស់ឃើដនឹង​បង្កជាសង្រ្គាម​នៅក្នុងតំបន់៕