(បាកដាដ)៖ កងយន្តហោះ​​ចម្បាំងអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការ​​វាយប្រហារតាម​ផ្លូវអាកាស យ៉ាងច្រើន​សន្ធឹកសន្ធាប់​ប្រឆាំងនឹង​​ក្រុម​ ISIS នៅតំបន់ភាគ​ខាងលិច​ប្រទេស​ក្បែរព្រំដែន​ស៊ីរី ដែលជា​លទ្ធផល​បានកម្ទេចទីតាំង​​ជាច្រើន​របស់ ISIS និង​បាន​សម្លាប់​ជីវិត​​​ក្រុម​​សកម្ម​​ប្រយុទ្ធ​​ជ្រុល​និយមនេះ​​ប្រមាណ ៣០៦នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៨ ខែ​កញ្ញា ឆ្នាំ២០១៧។

ក្រុមយន្តហោះចម្បាំងរបស់កងទ័ពជើងអាកាសអ៊ីរ៉ាក់ បានចេញធ្វើការវាយប្រហារដោយទម្លាក់គ្រាប់បែកចំនួន ៤២លើក ដោយ​ផ្អែកលើ​របាយការណ៍​ស៊ើបការណ៍ ក្នុងអំឡុងពេល​ចន្លោះពីថ្ងៃទី១១-ថ្ងៃទី១៦ ខែកញ្ញា ពោលគឺកាលពីសប្តាហ៍​មុននេះ ប្រឆាំងនឹង​ទីបញ្ជា​ការ រួមទាំងកន្លែងលាក់ខ្លួន​របស់ក្រុម ISIS នៅក្នុងតំបន់ អាកាហ្សាត (Akashat), អាអាណា (Aana), និង អាល់គីអាម (Al-Qiam )ក្នុងខេត្ត អាន់បារ (Anbar) នៃប្រទេសអ៊ីរ៉ាក់ ខណៈ​ការវាយប្រហារ​ចំនួន ០៦ ក្នុងចំណោមនោះ មានគោលដៅ​លើទីតាំង​របស់ ISIS ក្នុងតំបន់ ម៉ាយ៉ាឌីន (Mayadeen) នៅភាគខាងកើតស៊ីរី។

គួរបញ្ជាក់ថា កងទ័ព​រដ្ឋាភិបាលអ៊ីរ៉ាក់ ទើបតែបានវាយបណ្តេញ​ក្រុម ISIS ចេញទីក្រុងសំខាន់ៗ​មួយចំនួន នៃខេត្ត Anbar រួមមាន​ទាំង​ក្រុង រ៉ាម៉ាឌី (Ramadi) និង ហ្វាលលូហ្សាហ៍ (Fallujah) ដែលនៅក្បែរគ្នា ក៏ប៉ុន្តែតំបន់ដទៃទៀត​នៅជាប់ព្រំដែន​ប្រទេសស៊ីរី ដោយក្នុងនោះមាន Aana, រ៉ាវ៉ា (Rawa), និង al-Qaim ក៏ដូចជាតំបន់ធំៗ​ជាច្រើនទៀត នៅទូទាំងខេត្ត Anbar កំពុងស្ថិតក្រោម​ការកាន់កាប់របស់ពួកសកម្ម​ប្រយុទ្ធ ISIS នៅឡើយទេ៕