(អ៊ីស្លាម៉ាបាដ)៖ ក្រុមអ្នកជំនាញមួយចំនួនបាន​និយាយថា ការវាយប្រហារ​ឯតោភាគីលើក​ចុងក្រោយ​ដោយយន្ដហោះ​គ្មានមនុស្សបើក ឬដ្រូនរបស់​សហរដ្ឋអាមេរិក នៅក្នុងប្រទេស​ប៉ាគីស្ថាន អាចនឹង​បង្កើតគម្លាត​កាន់តែខ្លាំងរវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ខណៈទីក្រុងអ៊ីស្លាម៉ាបាដ តែងតែថ្កោលទោសជា​រឿយៗថា ការវាយប្រហារ​បែបនេះ គឺជាការរំលោភ បំពានលើដែន​អធិបតេយ្យភាព​របស់ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមសារព័ត៌មាននៅក្នុងស្រុក ការវាយប្រហារ​ដោយយន្ដហោះដ្រូន​លើកចុងក្រោយ ពីសំណាក់សហរដ្ឋអាមេរិក​កាលពី​ថ្ងៃសុក្រ បានសម្លាប់​មនុស្ស ០៣នាក់ ដែលគេ​ជឿជាក់​ថា ជា សមាជិក​ក្រុមតាលីបង់​អាហ្វហ្គានីស្ថាន​ នៅឯតំបន់ភាគអាគ្នេយ៍​ប្រទេស​ប៉ាគីស្ថាន។ ការវាយប្រហារនេះ​ទៀតសោត កើតមានឡើង​តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) បានអំពាវនាវឱ្យ​មានការរួបរួមគ្នា​ប្រយុទ្ធប្រឆាំងនឹង​ពួកភេវករនៅប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ ក៏ប៉ុន្តែ​ក្រុមអ្នក​ជំនាញយល់ថា ការវាយប្រហារ​ឯកតោ​ភាគីរបស់​សហរដ្ឋអាមេរិក អាចនឹងបង្កភាពតាន​តឹង​រវាងប្រទេស​ទាំងពីរ និងធ្វើឱ្យប៉ះពាល់​ដល់យុទ្ធនាការ​ប្រឆាំង​ពួកភេរវករ។

គួរបញ្ជាក់ថា បើតាមស្ថិតិ​ជាច្រើនយន្ដហោះដ្រូន​គ្មានមនុស្សបើក​របស់សហរដ្ឋអាមេរិក​បានវាយប្រហារ ៤០៨លើក នៅតាមតំបន់​ផ្សេងៗពីគ្នា​នៅប៉ាគីស្ថាន ដោយសម្លាប់មនុស្ស ៣,០០០នាក់ ក្នុងនោះរួមមានជនស៊ីវិលផងដែរ ចាប់តាំងពីឆ្នាំ២០០៤មក៕