(ហាណូយ)៖ អត្រាអ្នក​គ្មានការងារធ្វើ ក្នុង​ចំណោមមនុស្សវ័យជំទង់​វៀតណាម បានកើនឡើងដល់ ៧.៦៧ភាគរយ គិតត្រឹមត្រីមាសទី២ នៃឆ្នាំ២០១៧នេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិ​ន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមវិទ្យាស្ថាន​វិទ្យាសាស្រ្តការងារ និងសង្គមកិច្ច នៃក្រសួងការងារ​វៀតណាមចំនួនជនវ័យ​ជំទង់​ ដែលពុំមានរបរចិញ្ចឹមជីវិត​នៅ​ក្នុងត្រីមាសទី២ឆ្នាំនេះ បានកើនក្នុងចំនួន ១៦,៦០០នាក់ ទៅដល់ ៥៧៥,០០០នាក់។ អត្រាអ្នកគ្មាន​ការងារធ្វើ ក្នុងចំណោម​សិស្ស-និស្សិតបញ្ចប់ការសិក្សា នៅសាកល​វិទ្យាល័យ, មហាវិទ្យាល័យ, ​និងសាលា​បណ្តុះបណ្តាលវិជ្ជាជីវៈ​ផ្សេងទៀតគឺ ៣.៦៣ភាគរយ, ៤.៩៦ភាគរយ, និង ៣.៥ភាគរយ តាមលំដាប់។

គួរបញ្ជាក់ថា អត្រានៃនិស្សិត​ដែលបញ្ចប់ការសិក្សា​ពីសាកលវិទ្យាល័យ កាលពី​ត្រីមាសទី០១ គឺ២.៧៩ភាគរយ ខណៈ​ដល់​ត្រី​មាស​​ទី​០២ ចំនួន​នេះបានកើន​ក្នុងចំនួន ៤៤,២០០នាក់ ទៅដល់ ១៨៣,១០០នាក់។ ម៉្យាងវិញទៀត នៅក្នុងចំណោម​តំបន់សេដ្ឋកិច្ច​​​ចំនួន ០៨កន្លែង ទូទាំងប្រទេស​វៀតណាម តំបន់ដីសណ្តរទន្លេមេគង្គ និងតំបន់​ភាគ​អាគ្នេយ៍ មានអត្រា​អ្នកគ្មានការងារធ្វើខ្ពស់​ជាង​គេបង្អស់៕

https://cdn3.i-scmp.com/sites/default/files/images/methode/2017/05/30/f447e7c0-4443-11e7-935d-dac9335a3205_1320x770_110046.JPG