(ម៉ូស្គូ)៖ ក្រុមហ៊ុនផលិត​ឧទ្ធម្ភាគចក្ររុស្ស៊ី បានពិគ្រោះពិភាក្សា​ជាមួយបណ្តាដៃគូចិន អំពីគម្រោងប្រគល់​ឧទ្ធម្ភាគចក្រដឹកជញ្ជូន​​ធុនធ្ងន់ប្រភេទ Mi-26TS ទៅកាន់ប្រទេសចិន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុមហ៊ុន Russian Helicopters បានចេញ​សេចក្តីថ្លែងការណ៍​ឲ្យដឹងថា «ក្នុងអំឡុងកិច្ចសន្ទនា​ជាមួយ​ក្រុមហ៊ុនចិន Lectern Aviation Supplies Company លទ្ធភាព​សម្រាប់ការផ្គត់ផ្គង់​ឧទ្ធម្ភាគចក្រ​ធុនធ្ងន់ Mi-26TS ទៅកាន់​ប្រទេសចិន ត្រូវបានលើក​យក​មកពិភាក្សា»។ បន្ថែមពីនេះ ក្រុមហ៊ុនផលិត​ឧទ្ធម្ភាគចក្រ​រុស្ស៊ី ក៏បានពិភាក្សា​ពីលទ្ធភាពនៃការផ្គត់ផ្គង់​ឧទ្ធម្ភាគចក្រ​ពេទ្យ Ansat ទៅកាន់មជ្ឈមណ្ឌល​សង្រ្គោះបន្ទាន់ Beijing 999 ផងដែរ។

គួរបញ្ជាក់ថា កាលពី​ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន Russian Helicopters ក៏ធ្លាប់បានប្រគល់​ឧទ្ធម្ភាគចក្រធុន Mi-26TS ចំនួន​ ០៤​គ្រឿង ​ទៅកាន់ចិនម្តងរួច​ទៅហើយ៕