(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រហែលជា​អាចប្រកាសអនុវត្ត​ច្បាប់អាជ្ញាសឹក នៅទូទាំងផ្ទៃប្រទេស​​របស់លោកតែម្តង ប្រសិនបើការ​ធ្វើបាតុកម្ម ដែលកំពុងផ្ទុះឡើង ប្រឆាំងនឹង​សកម្មភាព​អន្តរាគមន៍ ពីសំណាក់យោធា​សហរដ្ឋ​អាមេរិក នៅលើកោះ មីនដាណាវ (Mindanao) ប្រែក្លាយទៅជាអំពើ​ហិង្សាធ្ងន់ធ្ងរ, បង្កការគំរាមកំហែង​ដល់រដ្ឋាភិបាល ឬសន្តិសុខសាធារណៈ​ និងបង្កភាពរាំង​ស្ទះដល់ប្រទេសជាតិ​ទាំងមូលនោះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀល​ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

ដំណឹងខាងលើធ្វើ​ឡើងដោយ រដ្ឋមន្រ្តីការពារជាតិ​ហ្វីលីពីន លោក ឌែលហ្វីន ឡូរែនហ្សាណា (Delfin Lorenzana) កាលពីថ្ងៃ​សុក្រ​ម្សិលមិញនេះ ក៏ប៉ុន្តែ លោក Lorenzana បានសង្កត់ធ្ងន់ថា លទ្ធភាពនៃ​ការប្រកាសដាក់​ប្រទេសហ្វីលីពីន​ទាំងមូល ឲ្យ​ស្ថិត​ក្រោមច្បាប់​អាជ្ញាសឹកនោះ គឺវាតិចតួចស្តួចស្តើង​ជាទីបំផុត ទោះបីជាលោក​ប្រធានាធិបតី ឌូតឺតេ ពិតជាមានក្តីព្រួយ​បារម្ភក្នុង​ចិត្ត​ខ្លាំង អំពីការធ្វើបាតុកម្ម ដែលរៀបចំឡើង​ពួកកុម្មុយនិស្ត និងក្រុមជ្រុលនិយម​ដទៃទៀតយ៉ាងណាក្តី។

គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាស​ឲ្យអនុវត្តច្បាប់អាជ្ញាសឹក នៅលើកោះ Mindanao ទាំងមូល កាលពីខែឧសភា ដើម្បីទប់ទល់នឹងក្រុម​សកម្មប្រយុទ្ធបណ្តាញ ISIS នៅក្នុងទីក្រុង Marawi និងជួយបង្កាសកម្មភាព​បះបោរ​​ស្រដៀងនេះ កុំ​ឲ្យផ្ទុះ​​រីករាលដាលឡើង​​នៅកន្លែងផ្សេងៗទៀត នៅភាគខាងត្បូង​​ប្រទេស។ ក្រោយមក​អាមេរិក និងអូស្រ្តាលី បានបញ្ជួន​យន្តហោះ​ស៊ើបការណ៍​របស់ខ្លួន មកឲ្យជួយកងទ័ព​ហ្វីលីពីន ដើម្បីកម្ចាត់ក្រុម​សកម្មប្រយុទ្ធទាំងនេះ ចេញពីក្រុង Marawi។

យ៉ាងណាមិញ ដោយសារតែ​ការជួយជ្រោមជ្រែងនេះ ប្រជាជនហ្វីលីពីន​រាប់រយនាក់ នាសប្តាហ៍នេះ បានរួមគ្នាធ្វើបាតុកម្ម​​នៅ​ក្នុង​រដ្ឋ​​ធានី​ម៉ានីល ខណៈពួកគេបាន​ថ្កោលទោស សកម្មភាពដែល​ពួកគេចាត់ទុកថា ជា​អន្ត​រា​គមន៍​​យោធាពីសហរដ្ឋអាមេរិក ក្នុងបញ្ហាជម្លោះ​នៅទីក្រុង Marawi ក៏ដូចជា​លើកោះ Mindanao។ ក្រុមអ្នកតវ៉ា បាន​នាំ​គ្នា​ស្រែក​​ពាក្យ​ស្លោកប្រឆាំង​នឹងអាមេរិក ហើយដុតកម្ទេចរូបសំណាកត្លុក​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលជិះ​នៅ​លើ​​មីស៊ីល​មួយ​គ្រាប់ និង​មាន​​មុខ​​របស់​លោក ឌូតឺតេ នៅពីខាងមុខ។ លើសពីនេះ​ក្រុមបាតុករ ក៏បានប៉ះទង្គិចគ្នា​ជាមួយកម្លាំងប៉ូលិស​បង្រ្កាបបាតុកម្ម​ផងដែរ​៕