(កៀវ)៖ សេចក្តីព្រាងកញ្ចប់​ថវិកាសម្រាប់​ឆ្នាំ២០១៨ របស់ប្រទេសអ៊ុយក្រែន កំពុងបែងចែកប្រមាណ ៦.៣៤ពាន់លានដុល្លារ ទៅ​ក្នុងវិស័យសន្តិសុខ និងការពារជាតិ ដែលនេះគឺ​ជាការកើនឡើង ១៤.៨ភាគរយ បើធៀបទៅ​នឹងថវិកា​ដែលទទួលបានកាល​ពីឆ្នាំ​២០១៧​ ខណៈបញ្ហារកាំរកូសជាមួយរុស្ស៊ី នៅតែស្ថិតក្នុង​ភាពចម្បងនៅឡើយ សម្រាប់សន្តិសុខជាតិ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​សៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅពេលដាក់បង្ហាញ​សេចក្តីព្រាងថវិកា​រដ្ឋខាងលើ ក្នុងអំឡុងកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ នាយករដ្ឋមន្រ្តី​អ៊ុយក្រែន លោក វ៉ូឡូឌីមី ក្រូយស្មាន់ (Volodymyr Groysman) បានលើកឡើងថា «កញ្ចប់ថវិកា​ការពារជាតិ នឹងកើនឡើង​ដោយប្រាក់ ៦.៣៤ពាន់លានដុល្លារ នឹង​ត្រូវ​ប្រើ​ប្រាស់សម្រាប់​វិស័យនេះ​ ហើយវា​គឺជាប្រាក់ខែរបស់​កងទ័ពរបស់យើង រួមទាំងបរិក្ខា​បច្ចេកទេស ក៏​ដូច​ជា​សព្វា​វុធ​ទំនើបៗ​»។

គួរបញ្ជាក់ថា កញ្ចប់ថវិកា​ការពារជាតិ នៃប្រទេសអឺរ៉ុបដទៃៗ​ទៀត សុទ្ធសឹងតែមាន​ចំណែកក្រោម ០៥ភាគរយ នៃ GDP របស់​ប្រទេស ហើយក្នុង​ចំណោមបណ្តា​សមាជិកអង្គការ NATO នៅអឺរ៉ុប មានតែប្រទេសមួយ​ចំនួន​តូចប៉ុណ្ណោះ ដែលអាចមាន​​កញ្ចប់​ថវិកាហួសពីគោលដៅ ០២ភាគរយ ដូចទៅនឹងអាមេរិក​បានលើក​ឡើង៕