(អង់គ្លេស)៖ ការគម្រាមកំហែង​ភេរវកម្មនៅ​ចក្រភពអង់គ្លេស ត្រូវបានបង្កើន​ឲ្យ​ឡើងដល់កម្រិត​ខ្ពស់បំផុត ខណៈកម្លាំង​​ប៉ូលិស​​​កំពុងបន្តតាមប្រមាញ់​ជនដៃដល់ នៅក្រោយសកម្មភាព​វាយប្រហារ​ដោយគ្រាប់បែកច្នៃ ក្នុងស្ថានីយ៍​រថភ្លើង​មួយកន្លែង ​នៅភាគ​​និរតី​នៃទីក្រុងឡុងដ៍​​កាលពីម្សិលមិញ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយសារព័ត៌មាន BBC នៅព្រឹក​ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

នាយករដ្ឋមន្រ្តី​អង់គ្លេស លោក ថេរេសា ម៉េយ៍ (Theresa May) បានថ្លែងថា ការគំរាម​កំហែង នាខណៈពេល​នេះ​មានសភាពធ្ងន់ធ្ងរ​មែនទែន ដែលមាន​ន័យថា ករណីវាយប្រហារ​ផ្សេងៗ​ត្រូវរំពឹងថា អាចនឹង​កើតឡើង​ថែមទៀត បន្ទាប់ពីឧបករណ៍ផ្ទុះ​កែច្នៃមួយគ្រាប់ ត្រូវ​បានគេបំផ្ទុះ​ក្នុងរថភ្លើង​នៅឯស្ថានីយ៍ Parsons Green កាលពីព្រឹក​ថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលា​នៅតំបន់​កើតហេតុ) ចំពេលមាន​អ្នកធ្វើដំណើរ​ច្រើន​កកកុញ ដែល​ជាលទ្ធផលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៩នាក់ ទទួលរងរបួស ក៏ប៉ុន្តែ​ពុំមាន​សេចក្តីរាយការណ៍​ណាមួយ ពីមនុស្ស​ស្លាប់​​នោះឡើយ។

គួរបញ្ជាក់ថា ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយសកម្មភាពភេរវកម្មនេះ ស្របពេលដែលមន្រ្តី​ប៉ូលិសប្រមាណ ១,០០០នាក់ គ្រោងនឹងត្រូវដាក់ពង្រាយឲ្យឈរជើង នៅទូទាំងចក្រភពអង់គ្លេស៕