(រ៉ង់ហ្គូន)៖ សាលារៀនមួយចំនួននៅក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមដំណើរការ​ឡើងវិញជាបណ្តើរៗហើយ ដោយវាត្រូវបានបិទ​មិនឲ្យមានការបង្រៀនសិស្សនោះឡើយ ចាប់តាំងពីចុងខែ​សីហាមកម្ល៉េះ ក៏ព្រោះតែជម្លោះ​រវាងកងកម្លាំងការពារសន្តិសុខមីយ៉ាន់ម៉ា និងក្រុមបង្កអសន្តិសុខនៅ​ភាគខាងជើង ដែលត្រូវបានទីក្រុងណៃពិដោអះអាងថា ជាក្រុមភេរវករ ARSA។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

សម្រាប់ស្រុក ម៉ងត (Maungtaw) នៅក្នុងរដ្ឋរ៉ាឃីន ដែលត្រូវបានគេដឹងថា បានទទួលរងអំពើហិង្សាខ្លាំង​​ជាង​គេ​កាលពីអំឡុងខែសីហា ដែលបាននាំប្រជាជននៅទីនោះជាច្រើន ភៀសខ្លួនទៅកាន់ប្រទេសជិតខាងនោះ ក៏ទំនងជានឹងដាក់ឲ្យ​ដំណើរការសាលារៀន​មួយចំនួន​ឡើងវិញផងដែរ ខណៈអាជ្ញាធរ​មីយ៉ាន់ម៉ាបាន​អះអាងថា សន្តិសុខជារួម កំពុងតែវិលទៅរក​ភាពប្រសើរឡើងវិញ​ក្រោយពីមានការរឹតបន្តឹង និងយាមកាមយ៉ាងតឹងរឹង​អស់ជាច្រើនថ្ងៃ​មកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមយោធាមីយ៉ាន់ម៉ា​នៅតែអះអាងថា សន្តិសុខនៅតែត្រូវការ​ការការពារខ្លាំងក្លា​ដដែល ខណៈក្រុមភេរវករ​ដែលត្រូវបាន​រដ្ឋាភិបាលកត់ចំណាំ នៅតែអាចបង្កការ​គំរាមកំហែង​ដល់សន្តិសុខគ្រប់ពេល ប៉ុន្តែប្រជាជន​ដែលបានភៀសខ្លួនរាប់ពាន់​នាក់ចេញតំបន់​ខាងលើនេះ បានចាប់ផ្តើមវិល​ត្រឡប់ ទៅ​លំនៅឋានរបស់ពួកគេឡើងវិញបណ្តើរៗហើយដែរ។ អាជ្ញាធរមីយ៉ាន់ម៉ា​អះអាងថា ខ្លួននឹងខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បីស្តារសន្តិភាព និងសន្តិសុខ​ឡើងវិញនៅក្នុងតំបន់៕