(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូល​ផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាយ៉ាង​មុតមាំថា នឹងសម្រេចកម្ម​វិធីនុយក្លេអ៊ែរ​​ នៃប្រទេសរបស់លោកឲ្យបាន​ដោយនិយាយថា គោលដៅ​ចុងក្រោយ​បំផុត របស់ទីក្រុង​ព្យុងយ៉ាង គឺបង្កើត​ឲ្យមានតុល្យភាព​​នៃ​កម្លាំង​​យោធា​ ជាមួយសហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃ​សៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម​ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA លោក គីម បានធ្វើការ​លើកឡើង​បែបនេះ ក្នុងអំឡុងពេល​ចុះត្រួតពិនិត្យ​​ ការតេស្តបាញ់​មីស៊ីលផ្លោង​រយៈចម្ងាយមធ្យមធុន Hwasong-12 ដែលបានហោះ​រំលងប្រទេស​ជប៉ុន កាលពីព្រលឹមថ្ងៃសុក្រ​ម្សិលមិញ។ នាឱកាសនោះ មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បានថ្លែងថា «យើងគួរតែ​បង្ហាញ​ឲ្យច្បាស់ៗ ដល់ពួកមហាអំណាច​​​​ថា យើងនឹងនៅ​អាចសម្រេច​គោលដៅ នៃការអភិវឌ្ឍ​នុយក្លេអ៊ែរ​បានដោយរបៀបណា ទោះបីជា​មានការដាក់​ទណ្ឌកម្ម និងរារាំង​​រាប់មិនអស់ពីពួកគេ​យ៉ាងណាក្តី»។

លោក គីម ជុនអ៊ុន បានបន្តថា «គោលដៅធំចុងក្រោយ​របស់យើង គឺដើម្បីបង្កើតឲ្យមាន​តុល្យភាព​នៃឥទ្ធិពលយោធា​ជាមួយសហរដ្ឋអាមេរិក ហើយធ្វើឲ្យមេដឹកនាំ​អាមេរិកទាំងឡាយ លែងហ៊ាន​និយាយ​ពី​ជម្រើស​នៃការប្រើប្រាស់​កងទ័ព​របស់ពួកគេទៀត មកលើ​កូរ៉េខាងជើង»

គួរបញ្ជាក់ថា កាលពីព្រឹក​ម្សិលមិញ កូរ៉េខាងជើង​បានផ្លោងមីស៊ីល​មួយគ្រាប់ ចេញពីតំបន់​ស៊ូណាន (Sunan) នៃរដ្ឋធានីព្យុង​យ៉ាង ហើយរត់បានចម្ងាយ ៣,៧០០គីឡូម៉ែត្រ និងឡើងដល់កម្ពស់ ៧៧០គីឡូម៉ែត្រ រំលងពីលើ​ដែនអាកាស នៃកោះហុងកៃ​ដូ​ (Hokkaido) ភាគខាងជើង​ប្រទេសជប៉ុន មុននឹងធ្លាក់ចំគោលដៅ​នៅឯមហាសមុទ្រប៉ាស៊ីហ្វិក៕