(បរទេស)៖ នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ​ជាច្រើនបានកើត​មាន​ឡើង​​ដែល​មានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខ​ដាក់​គ្នា ​រវាង​មហា​អំណាចធំៗ​នៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍​ជារួម​មានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចំនួនមួយគ្រាប់ ហោះរំលងភាគខាងជើង ប្រទេសជប៉ុន សាជាថ្មីម្តងទៀត។

២៖ ជប៉ុនចេញសេចក្តីថ្លែងការណ៍ ព្រមានកូរ៉េខាងជើង ចំពោះការបាញ់​មីស៊ីលជាថ្មី ហើយថានឹងមិនអត់ឱនឲ្យទៀតឡើយ។

៣៖ ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឲ្យមានការធ្វើសមយុទ្ធយោធា និងផ្លោងមីស៊ីល ដើម្បីត្រៀមទប់ទល់ នឹង​ការបង្កហេតុ​ដោយកូរ៉េខាងជើង។

៤៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា ទៅដល់រដ្ឋផ្លូរីដា ភាគអាគ្នេយ៍ប្រទេស ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋ​ ដែលទទួលរងគ្រោះដោយសារព្យុះហឺរីខិន Irma។

៥៖ មនុស្សស្លាប់កើនឡើងយ៉ាងគំហុកដល់៨៣នាក់ និងរបួស៩៣នាក់ បន្ទាប់ពីកើតមានករណីបាញ់រះ និងបំផ្ទុះរថយន្តដោយ​ក្រុម ISIS នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ាក់។

៦៖ ព្យុះទីហ្វុង Talim កំពុងបោកសង្គ្រប់លើភាគខាងកើត និងអាគ្នេយ៍ប្រទេសចិន បង្កជាភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ​។

៧៖ ករណីវាយប្រហារភេរវកម្ម ដោយបំផ្ទុះគ្រាប់បែកច្នៃ ក្នុងស្ថានីយ៍រថភ្លើង Parsons Green នៃទីក្រុងឡុងដ៍ របស់​ចក្រ​ភព​អង់​គ្លេស បណ្តាលឲ្យ​មនុស្ស​យ៉ាង​តិច​២២នាក់​រងរបួស។

៨៖ អាជ្ញាធរមីយ៉ាន់ម៉ា ធ្វើការរឹតបន្តឹងសន្តិសុខកម្រិតខ្ពស់នៅរដ្ឋ Rakhine ក្រោយទទួលសារព្រមានពី ក្រុមភេរវករអាល់កៃដា ពាក់ព័ន្ធបញ្ហារ៉ូហ៊ីងយ៉ា៕