(កាប៊ូល)៖ ផែនការបង្កើន​ការវាយប្រហារតាម​ផ្លូវអាកាស របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងពួក ISIS នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន កំពុង​បង្កឱ្យមាន​ការព្រួយបារម្ភ​ជាខ្លាំងទាក់​ទិននឹងហានិភ័យ​ នៃការស្លាប់របស់​ជនស៊ីវិល ខណៈចំនួនជន​រងគ្រោះ​ដែលបានស្លាប់ និងរងរបួសដោយ​សារ​ការវាយប្រហារ​តាមផ្លូវអាកាសពី​សំណាក់ ក្រុមចំរុះអន្តរជាតិ​មាន​សហរដ្ឋអាមេរិក​ជាបងធំ កើន​ឡើងខ្ពស់។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម​របាយការណ៍ អង្គការសហប្រជាជាតិជនរងគ្រោះ​ជាជនស៊ីវិល​នៅក្នុងប្រតិបតិការ​របស់យោធាអាហ្វហ្គានីស្ថាន បានធ្លាក់ចុះ​នៅក្នុងឆ្នាំ២០១៧នេះ ក៏ប៉ុន្តែចំនួន​ជនស៊ីវិល​ស្លាប់ ដោយសារការ​វាយប្រហារតាម​ផ្លូវអាកាស​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បែរជាកើន​ឡើងដល់ទី ៤៣ភាគរយ គិតត្រឹមពាក់​កណ្ដាលឆ្នាំ​២០១៧នេះ។ ជាក់ស្ដែង នៅត្រឹមរយៈពេល ០៦ខែដំបូង អង្គការ​សហប្រជាជាតិ​បានរាយការណ៍ថា ជនស៊ីវិល ២៩នាក់ បានស្លាប់ និង៨៥នាក់ រងរបួសនៅក្នុង​ការវាយប្រហារ​តាមផ្លូវអាកាស ពីសំណាក់យោធា​អាហ្វហ្គានីស្ថាន ចំណែកឯ​ជនស៊ីវិល ៥៤នាក់ ត្រូវបាន​សម្លាប់ និង ៣១នាក់រងរបួស ដោយសារ​ការវាយប្រហារ​តាមផ្លូវអាកាស​ ដឹកនាំដោយ​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ​អស់រយៈពេល ១៦ឆ្នាំហើយ ដែលសហរដ្ឋអាមេរិក ដឹកនាំប្រតិបត្តិការ​យោធាទម្លាក់​ក្រុមតាលីបង់​កាលពីឆ្នាំ២០០១។ ក្រោមសម័យ​លោកប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ទីក្រុងវ៉ាស៊ីនតោន​បានសម្រេចចិត្ត កាត់បន្ថយ​ចំនួនទ័ពអាមេរិក​ម្ដងរួចមកហើយ តែកាលពី​ប៉ុន្មានខែមុននេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ជូនកងទ័ពអាមេរិក​បន្ថែមទៅជួយ​រដ្ឋាភិបាល​ទីក្រុងកាប៊ុល ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងពួក ISIS និងក្រុម​សកម្មប្រយុទ្ធ​តាលីបង់៕