(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តមួយក្រុម​កំពុងមានចេតនា ធ្វើការបញ្ជូនរលក​សញ្ញាមួយផ្សេងទៀត ឆ្ពោះទៅកាន់ទីអវកាស​ដ៏សែន​ឆ្ងាយ ក្នុងគោលបំណង​អាចជួបប្រទះជីវិតក្រៅ​ភពណាមួយ ប៉ុន្តែមតិមួយចំនួន​មានក្តីកង្វល់ថា ទង្វើអាចនឹង​បញ្ចប់ជីវិត​នៅលើ​​ភពផែនដីបាន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

មនុស្សសឹងតែគ្រប់គ្នា​ចូលចិត្តភាពអាថ៌កំបាំង នៃទីអវកាសដ៏​ធំល្វឹងល្វើយ, តើពិតទេ? UFOs, មនុស្សក្រៅភព ដែលគេចំណាំ ​ហៅថា «អេលៀនៗ», និងអាថ៌កំបាំងដទៃ ជាច្រើនទៀតរាប់មិនអស់ បានទាក់ទាញ និងធ្វើឲ្យមនុស្សជាច្រើន​មានក្តីងឿងឆ្ងល់​​ក្នុងចិត្តជាខ្លាំងក្រៃលែង ហើយក្នុង​ចំណោមនោះ ពួកអ្នកវិទ្យាសាស្រ្ត​ក៏មិនខុសគ្នា​ដែរ។

អ្នកវិទ្យាសាស្រ្ត​ទាំងឡាយ ដែលបានសម្រេច​ជ្រើសរើស ដាក់ចិត្តដាក់កាយ​ខិតខំ ធ្វើការស្វែងរុករក​សញ្ញា នៃទម្រង់ជីវិត​នៅ​ក្រៅ​ពី​​ភពផែនដី​នោះ បានបង្កើតឡើង​ជាបណ្តាញ​អន្តរជាតិមួយ មានឈ្មោះថា SETI (Search for Extra-Terrestrial Intelligence)។ ទាំងនេះគឺជាជនទាំងឡាយ ដែលសុខចិត្ត​ចំណាយពេល​នៅក្នុងមន្ទីរ​ពិសោធន៍ មានបំពាក់​តេឡេស្កូបធំៗ និង​រង់ចាំធ្វើ​ការ​វិភាគទៅលើ​រលកវិទ្យុសញ្ញា ដែលរសាត់មកពី​ទីអវកាស ក៏ប៉ុន្តែមកទល់​ពេលបច្ចុប្បន្ន វាមានសភាព​ស្ងប់ស្ងាត់​ជា​ធម្មតា។

ដោយសារការវិវឌ្ឍ​ដ៏យឺតយ៉ាវបែបនេះ ក្រុមមួយនៅក្នុង​បណ្តាញ SETI ដែលមានជំនឿ​ជឿជាក់ថា ផែនដី គួរតែ​ធ្វើ​ការ​​យ៉ាង​សកម្ម ដើម្បីផ្ញើសារបញ្ជូន​ទៅកាន់​ជីវិតក្រៅភព។ ពួកគេជឿថា​តេឡេស្កូបធំៗ​ពោពេញដោយ​ឥទ្ធិពល នៅលើភព​របស់យើង​ អាចប្រើប្រាស់ ដើម្បីបញ្ជូន​រលកវិទ្យុសញ្ញា​ដ៏ខ្លាំងមួយ ដែលនឹងអាចទាក់ទាញ​ចំណាប់អារម្មណ៍របស់អេលៀន មកកាន់ភព​ផែន​ដីបាន។ ក្រុមនេះដែលហៅ​ខ្លួនឯងថា METI (Messaging for Extra-Terrestrial Intelligence) បានប្រកាសថា ពួកគេនឹងធ្វើ​ការ​បញ្ជូនរលក​សញ្ញាបែបនេះ នៅក្នុងឆ្នាំ២០១៨​ខាងមុខ។

យ៉ាងណាមិញ មានក្រុមអ្នកវិទ្យាសាស្រ្តមួយចំនួន មានគំនិតផ្ទុយ​ស្រទះថា ការផ្ញើរលកសញ្ញា​បែបនេះ នឹងជារឿងដ៏សែនគ្រោះ​ថ្នាក់​បំផុតមួយ សម្រាប់មនុស្សលោក និងភពផែនដី។ និយាយរួម ប្រសិនបើ​ពួកអេលៀន ចេញមកមានភាពរាក់ទាក់ និងចេតនា​ល្អនោះ គឺវាមិនជាបញ្ហានោះទេ តែបើពួកគេមាន​បំណងអាក្រក់ ប្រកាន់ខ្លួនជា​សត្រូវវិញនោះ វាមានន័យថា​យើងនឹងបញ្ជូន​​​សញ្ញាចង្អុល​បង្ហាញផ្លូវ ដែលនិយាយថា «វាយប្រហារ​ទីនេះមក!» ជាក់ជាពុំខានឡើយ។

គួរបញ្ជាក់ថា អ្នកប្រឆាំងមួយរូបដែលត្រូវបានគេស្គាល់ជុំវិញពិភពលោក ចំពោះការបញ្ជូនសារឆ្លងភពបែបនេះ គឺលោក​​សាស្រ្តា​ចារ្យ ស្ទីវិន ហាកឃីង (Stephen Hawking) ដែលមាន​ជំនឿថា បើសិនជា​អេលៀនបានម​កជាន់ផែនដីភ្លាម ពួកគេទំនង​ជានឹង​​ដណ្តើមគ្រប់គ្រង​កាន់កាប់វាពុំខាន។ លោក Hawking បានលើក​ឧទាហរណ៍ជាក់ស្តែងថា «បើសិនជាអេលៀន​មក​លេង​​យើង​មែននោះ លទ្ធផលអាច​នឹងដូចទៅនឹង នៅពេលដែល លោក គ្រីស្តូហ្វ័រ គូឡុំ (Christopher Columbus) បានរកឃើញទ្វីប​អាមេ​រិកជាលើកដំបូង​អ៊ីចឹង គឺមិនល្អប៉ុន្មានឡើយ​សម្រាប់ជនជាតិដើម​អាមេរិក​នៅទីនោះ៕