(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់មីស៊ីល​ផ្លោងភ្លាមៗ នៅឯតំបន់ដែនទឹកខាងកើត បន្ទាប់ពីកូរ៉េខាងជើងបាញ់​សាកល្បងមីស៊ីលមួយគ្រាប់ទាំងព្រឹក​ហោះរំលងពីលើ​ប្រទេសជប៉ុន មុននឹងធ្លាក់ចូលក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

កូរ៉េខាងជើង​បានបាញ់សាកល្បង​ មីស៊ីលផ្លោង​រយៈចំងាយមធ្យមមួយគ្រាប់​នៅម៉ោង ៦៖៥៧​នាទី​ព្រឹក ថ្ងៃសុក្រនេះ (ពេលវេលា​នៅសេអ៊ូល) ពីតំបន់ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ដោយវារត់បានចម្ងាយ​ប្រមាណ ៣,៧០០គីឡូម៉ែត្រ ហើយបានហោះរំលងពី​លើដែនអាកាស នៃកោះហុកកៃដូ មុននឹងធ្លាក់នៅ​ចម្ងាយប្រហែលជា ២,០១៥​គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប៉ុន្ទែទនឹ្ទមគ្នា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) គិតថា មីស៊ីលដែលកូរ៉េខាងជើង​បានធ្វើតេស្ដនេះ គឺជាមីស៊ីល​ឆ្លងទ្វីប ICBM។

ដោយឡែកជា​ការឆ្លើយតប​នឹងការធ្វើតេស្ដ​នេះដែរ យោធាកូរ៉េខាងត្បូង​បានគូសបញ្ជាក់​នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួនយ៉ាងដូច្នេះថា «យោធាកូរ៉េខាងត្បូង​បានដឹកនាំការធ្វើ​សមយុទ្ធយោធា បាញ់គ្រាប់ពិត​ជាមួយនឹងមីស៊ីលផ្លោង​ ផលិតនៅក្នុងស្រុក Hyunmoo-2A​ ចំនួនពីរគ្រាប់ ហើយសមយុទ្ធយោធានេះ ធ្វើឡើងក្រោមការបញ្ជា​ពីលោកប្រធានាធិបតី មូន ជែអ៊ីន តែប៉ុន្មាននាទី ប៉ុណ្ណោះក្រោយ​ទីក្រុងព្យុងយ៉ាង​ បាញ់មីស៊ីលហោះរំលង​ប្រទេសជប៉ុន»។

យ៉ាងណាក៏ដោយ យោធាកូរ៉េខាងត្បូង​មិនទាន់បញ្ជាក់​លម្អិត​ពីម៉ាកមីស៊ីល ដែលកូរ៉េខាងជើង​ធ្វើតេស្ដនៅ​ឡើយទេ ខណៈក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ នឹងបើកកិច្ចប្រជុំ​ជាបន្ទាន់នៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង​ទីក្រុងញូយ៉ក)៕