(ម៉ូស្គូ)៖ ពាន World Cup ដែលមានទម្ងន់ ៦.១គីឡូក្រាម នឹងត្រូវបានដង្ហែទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក ក្នុងខែមករា ឆ្នាំ២០១៨ខាងមុខ មុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់ផ្តើមនាខែមិថុនា ដែលមានរុស្ស៊ីធ្វើជាម្ចាស់ ជាលើកទី១របស់ខ្លួន ដោយមាន៣២ប្រទេសចូលរួម។

ក្នុងគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានបញ្ជាក់យ៉ាងច្បាស់ថា មន្រ្តីកីឡាបាល់ទាត់របស់ FIFA នឹងចំណាយពេល ៥ខែ ដើម្បីដង្ហែពានរង្វាន់ World Cup 2018 ទៅកាន់ប្រទេសនានានៅជុំវិញពិភពលោកចាប់ផ្តើមពី ខែមករាឆ្នាំក្រោយទៅ ក្នុងនោះដែរក៏ដង្ហែទៅកាន់ប្រទេសធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះផងដែរមានដូចជា ប្រេស៊ីល អាហ្រ្វិកខាងត្បូង អាល្លឺម៉ង់ ជប៉ុន និងបារាំងទៀងផង ដែលមានរយៈចម្ងាយសរុប ២៦០០០គីឡូម៉ែត្រ និងចុងក្រោយដង្ហែចូលប្រទេសរុស្ស៊ីវិញ ក្នុងខែឧសភា ឆ្នាំ២០១៨។

សូមបញ្ជាក់ផងដែរថា មុនដង្ហែចេញពីរុស្ស៊ីជាទីដែលព្រឹតិ្តការណ៍ World Cup ចាប់ផ្តើមឆ្នាំក្រោយនោះ ពានលំដាប់ កំពូលនេះត្រូវបានដង្ហែទៅកាន់ទីក្រុងចំនួន១៥ផងដែរ ពោលគឺចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមានការ ដាក់តាំងនៅតាមសារមន្ទីរថែមទៀតផង មុនដង្ហែទៅកាន់ជាង ៥០ប្រទេសទាំង៦ទ្វីបជុំវិញពិភពលោកចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៨។

ពាន FIFA World Cup Trophy នេះគឺមានអាយុកាល ៤៣ឆ្នាំមកហើយ ពោលគឺចាប់ផ្តើមប្រើដំបូងក្នុង World Cup 1974 ដែលមានប្រវែង ៣៦.៨សង់ទីម៉ែត្រ ទម្ងន់ ៦.១គីឡូក្រាមស្រោបមាស ដែលប្រទេសអាល្លឹម៉ង់ឈ្នះចុងក្រោយគេ ក្នុង World Cup 2014 នៅប្រេស៊ីល ក្រោយឈ្នះអាហ្សង់ទីន ១-០ នៃវគ្គផ្តាច់ព្រ័ត្រ៕