(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់​ឲ្យដឹងថា រូបលោកនឹង​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស ​ជប៉ុន, កូរ៉េខាងត្បូង, និងចិន នាខែវិច្ឆិកា​ខាងមុខ ហើយបន្ថែម​ពីលើនេះ លោក ត្រាំ បានបង្ហើប​ទៀតថា លោកអាច​នឹងបន្ថែម​​វៀតណាម​ទៅក្នុងដំណើរ​ទស្សនកិច្ចនេះ ដើម្បីចូលរួម​សន្និសីទ​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ នេះបើ​តាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងទៅកាន់ក្រុម​អ្នកសារព័ត៌មាន​នៅលើយន្តហោះ Air Force One ឆ្ពោះទៅកាន់​រដ្ឋផ្លូវរីដា ក្នុងគោលបំណង ចុះសួរសុខទុក្ខ​​​ជនរងគ្រោះដោយ​សារព្យុះហឺរីខិន អឺម៉ា (Irma) លោក ដូណាល់ ត្រាំ បាននិយាយថា «យើងនឹងធ្វើ​ទស្សនកិច្ចជាក្រុម​ទៅកាន់តំបន់​អាស៊ី​ក្នុងខែវិច្ឆិកាខាងមុខ ដោយយើង​នឹងទៅ ជប៉ុន, កូរ៉េខាងត្បូង, និងចិន ហើយអាចរាប់បញ្ចូលទាំង​វៀតណាម​ថែមទៀត​។

ដោយឡែក​នៅពេលត្រូវបានចោទសួរ ពាក់ព័ន្ធនឹងកិច្ច​ប្រជុំអាមេរិក-អាស៊ាន នៅឯប្រទេស​ហ្វីលីពីន លោក ត្រាំ បានទទួល​ស្គាល់​ថា រូបលោកត្រូវបានអញ្ជើញ ក៏ប៉ុន្តែមិនទាន់​ច្បាស់ថា នឹងទៅចូលរួម​ដែរ ឬយ៉ាងណាឡើយ៕