(អាមេរិក)៖ បេសកកម្មនៃ​កែវយឺតអវកាស Kepler របស់អង្គការ NASA ឬហៅថា K2 ទើបតែប្រកាស​អំពីការរកឃើញភពថ្មីៗចំនួន ០៣ គោចរនៅជុំវិញព្រះអាទិត្យមួយ ដែលមានចម្ងាយ ៩៧ឆ្នាំពន្លឺ​ពីភពផែនដី​របស់យើង ហើយវាត្រូវបានចាត់បញ្ចូលជាភពប្រភេទ «Super Earth» មានតែទំហំធំជាងភពផែនដី ប៉ុន្តែតូចជាភពណិបទូន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

សម្រាប់កែវយឺតអវកាស​ដ៏ទំនើប Kepler ត្រូវបានចាប់ផ្តើមដំណើរ​ការកាលពីឆ្នាំ២០០៩ ហើយមកទល់​នឹងពេលនេះ វាកំពុងតែធ្វើការអង្កេត​ទៅលើផ្កាយ​ចំនួនជាង ១៥០,០០០ ដើម្បីស្វែងរក​ភពដែលវិញ​ជុំវិញ​ផ្កាយដ៏ច្រើនមហិមា​ទាំងនោះ។ នៅក្នុងរយៈពេល ០៨ឆ្នាំមកនេះ Kepler បានរកឃើញភព​តូចធំជាង ២,៤០០ភព ប៉ុន្តែសម្រាប់ភព​ដែលទើបរកឃើញថ្មីៗនេះ បូករួមទាំងភពទាំង ០៧ របស់ប្រព័ន្ធ Trappist-1 ផងដែរ គឺពួកវាពិតជាសំខាន់ និងគួរឲ្យចាប់អារម្មណ៍​ជាង​​ពេល​ណាៗទាំងអស់ ដោយសារតែគន្លង​ភពមួយចំនួន អាចជាគន្លងត្រឹមត្រូវ​ដូចផែនដីយើង ដែលអាច​​ទ្រទ្រង់​ជីវិត​បានក្នុងទម្រង់ណាមួយជាមិនខាន។

គួរបញ្ជាក់ថា ប្រព័ន្ធផ្កាយខាងលើនេះមានឈ្មោះថា GJ 9827 ដោយភពទាំង ០៣ ដែលវិលជុំវិញផ្កាយមួយ​ដែលចាត់ទុកថា នៅជិតផែនដីគួសមផងដែរនេះ គឺជាសញ្ញាដ៏ល្អសម្រាប់​ការសិក្សាអំពីបរិយាកាស និងគន្លងនៃភពទាំងនេះ នៅថ្ងៃអនាគត។ សម្រាប់ភពទាំងបីនេះ គឺមិនទាន់មានការ​បញ្ជាក់អ្វីលម្អិត​បន្ថែម​នោះទេ គ្រាន់តែតារាវិទូបាន​កំណត់ថា ពួកវាមានឈ្មោះថា GJ 9827 b, c និង d ហើយកំពុងគោចរនៅជិត​ផ្កាយរបស់វាណាស់ និងមានថេរវេលា​គោចរតែ ០៦ថ្ងៃ នៃភពផែនដីប៉ុណ្ណោះ​ក្នុងមួយជុំៗ។

សូមជំរាបបន្ថែមថា ព្រះអាទិត្យ GJ 9827 គឺជាប្រភេទ K-type dwarf star មានលក្ខណៈពន្លឺក្រហម​ខ្លាំងជាងព្រះអាទិត្យយើង និងមានទំហំតូចជាងផងដែរ។ វាត្រូវបានប្រទះឃើញ និងសិក្សាស្វែងយល់​​ដឹកនាំដោយ លោក Joseph Rodriguez សាស្ត្រាចារ្យ នៃមជ្ឈមណ្ឌលតារាសាស្ត្រ Harvard-Smithsonian របស់សាកលវិទ្យាល័យ Cambridge ក្នុងរដ្ឋ Massachusetts៕