(ផ្លូរីដា)៖ មនុស្សចាស់មានវ័យ​ចន្លោះពី ៧១ឆ្នាំ ដល់ ៩៩ឆ្នាំ ចំនួន០៨នាក់ បានស្លាប់នៅ​ក្នុងមណ្ឌលថែទាំ​មនុស្សចាស់មួយកន្លែង ដែលគ្មានអគ្គិសនី​ប្រើប្រាស់អស់រយៈពេល​ជាច្រើនថ្ងៃមកនេះ នៅក្នុង​រដ្ឋផ្លូរីដា​ហើយដែលនេះ​បានធ្វើឱ្យចំនួន​អ្នកស្លាប់ដោយសារ​តែព្យុះ ហឺរីខិន អឺម៉ា (Hurricane Irma) កើនដល់ ២៥នាក់ និង ៤០នាក់នៅក្នុងតំបន់ការីបៀន។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ អាជ្ញាធរប៉ូលិស​កាលពីថ្ងៃពុធ បានសម្រេចចិត្ត​ជម្លៀសមនុស្ស ១១៥នាក់ ចេញពីផ្ទះថែទាំមនុស្ស​ចាស់នេះ​ ដែលគ្មានអគ្គិសនី​សម្រាប់​ម៉ាស៊ីនត្រជាក់​ ព្រមទាំងបើក​ការស៊ើបអង្កេត​ជាបន្ទាន់ផងដែរ។ ចំណែកឯ អភិបាលតំបន់ Broward County លោក បារបារ៉ា ហ្សារីហ្វ (Barbara Sharief) បានបញ្ជាក់ថា មនុស្ស​០៣នាក់បានស្លាប់​ នៅក្នុងផ្ទះថែទាំ​មនុស្ស ចាស់​ឈ្មោះ Hollywood Hills ហើយមនុស្ស ០៥នាក់ ផ្សេងទៀតស្លាប់​ក្រោយបញ្ជូនទៅដល់​មន្ទីរពេទ្យ។

គួរបញ្ជាក់ថា ព្យុះ Hurricane Irma បានបណ្ដាលឱ្យ​ប្រជាជនប្រមាណ​ជា ១០លាននាក់ គ្មានអគ្គិសនី​ប្រើប្រាស់នៅក្នុង​រដ្ឋផ្លូរីដា, ចរជា (Georgia) និង ខារ៉ូលីណាទាំងពីរ (Carolinas)។ ព្យុះ Hurricane Irma បានមកដល់ប្រជុំកោះភាគ​ខាងត្បូង​រដ្ឋផ្លូរីដា កាលពីថ្ងៃព្រឹក​ថ្ងៃអាទិត្យកន្លងទៅ (ពេលវេ​លា​នៅតំបន់​រងគ្រោះ) ក្នុងនាមជាព្យុះ​​កម្រិតទី ០៤ ដ៏ខ្លាំងក្លា​ជាមួយ​ឥទ្ធិពលខ្យល់បក់​​ជាង ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ​ក្រោយមក​វាបានបន្ត​ឆ្ពោះទៅ​ភាគខាងជើង ដោយនាំ​យកទឹកភ្លៀងធ្លាក់​​យ៉ាងជោគជាំ និងខ្យល់​បក់​សន្ធប់​​ឆ្លងកាត់ទីក្រុង ចេកសុនវាល (Jacksonville) នៃរដ្ឋផ្លូរីដា រួចទៅកាន់​រដ្ឋ Georgia និង South Carolina៕