(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង​បានសន្យាថា ទីក្រុងព្យុងយ៉ាង នឹងបង្កើនសមត្ថភាព​យោធាទ្វេដង​ ឆ្លើយតបទៅនឹងការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ​ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលខ្លួនចាត់ទុកថា ជាដំណោះស្រាយ «ឃោរឃៅ» ហើយថា ការដាក់ទណ្ឌកម្មផ្ដួចផ្ដើម​ដោយ​សហរដ្ឋអាមេរិកនេះ បានបញ្ជាក់យ៉ាង​ច្បាស់ថា របបដឹកនាំលោក គីម ជុងអ៊ុន កំពុងដើរលើផ្លូវ​ដ៏ត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងតាមប្រព័ន្ធផ្សព្វ​ផ្សាយរដ្ឋ KCNA​ ក្រសួងការបរទេស​កូរ៉េខាងជើង​បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «កូរ៉េខាងជើងនឹង​បង្កើនសមត្ថភាព​យោធាទ្វេដង ដើម្បីការពារ​ដែនអធិបតេយ្យភាព និងសិទ្ធិ ស្វ័យភាព​របស់ខ្លួន ព្រមទាំងចូលរួម​ចំណែកថែ​រក្សាសន្តិភាព និងសន្តិសុខ​នៅក្នុងតំបន់ ដោយបង្កើត​តុល្យភាពជា​មួយ​សហរដ្ឋអាមេរិក»។ បន្ថែមពីលើនេះ ក្រសួងការបរទេស​កូរ៉េខាងជើង ក៏បានចាត់ទុក​ដែរថា ដំណោះស្រាយ UN មានលក្ខណៈ​ឃោរឃៅ និងខុសច្បាប់ ហើយថា​វាមានតែធ្វើឱ្យ​ទីក្រុងព្យុងយ៉ាង​ កាន់តែប្រាកដនៅក្នុងចិត្តថា ខ្លួនកំពុងដើរលើ​ផ្លូវត្រូវ និងត្រូវតែដើរ រហូតដល់​សម្រេច​បំណង។

គួររំលឹកថា កាលពីថ្ងៃចន្ទ​ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ រួមមានទាំង​ចិន និងរុស្ស៊ីជាខ្នងបង្អែក​ដ៏ធំរបស់​កូរ៉េខាងជើង បានសម្រេចចិត្ត​អនុម័តជា​ឯកច្ឆ័នលើ​ដំណោះស្រាយ ដាក់ទណ្ឌកម្មប្រឆាំង​នឹងកូរ៉េខាងជើង សម្រាប់ការ​បំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរជា​លើក០៦ កាលពីថ្ងៃ​ទី០៣ ខែកញ្ញា។ ដំណោះស្រាយលេខ ២៣៧៥នេះ ក៏មានរួមបញ្ចូល​ផងដែរការ ហាមឃាត់លើ​ការនាំចេញផលិតផល​វាយណភ័ណ្ឌ ក៏ដូចជាការរឹតបន្តឹង​ការជួលកម្មករ​កូរ៉េខាងជើង នៅឯបរទេស​ជាដើម ក្នុងគោលបំណង​កាត់បន្ថយប្រាក់ចំណូល​របស់របបដឹកនាំ លោក គីម ជុងអ៊ុន៕